ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

បពិត្រព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង

ក្នុងទិវាដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីខួបលើកទី១៨ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មានទាំងមូល សូមព្រះបរមរាជានុញ្ញាត សម្តែងថ្វាយ នូវមនោសញ្ចេតនាសាទរយ៉ាងក្លៀវក្លា និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណរបស់ព្រះករុណាថ្លៃវិសេស ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យគង់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត និងដ៏ត្រជាក់ត្រជុំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវស្វាមីភ័ក្តិឥតងាករេ ដង្ហែតាមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងរបស់ព្រះករុណា ថ្លៃវិសេស និងមានជំនឿយ៉ាងមុតមាំលើព្រះបញ្ញាញាណ ប្រកបដោយព្រះទសពិធរាជធម៌ និងព្រះសក្តានុពល យ៉ាងត្រចះត្រចង់ ក្នុងព្រះរាជបេសកកម្មបម្រើជាតិមាតុភូមិអង្គរដ៏បវរនៃយើង។

ព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

នេះគឺជាមោទនភាពមួយដ៏ឧត្តុង្គឧត្តម សម្រាប់ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជារាស្ត្រកម្ពុជាទាំងមូល ដែលមានព្រះអគ្គមគ្គុទ្ទេសក៍ដ៏ប្រសើរថ្លៃថ្លាមួយព្រះអង្គ ប្រកបដោយព្រះបញ្ញាញាណឈ្លាសវៃ និងស្នេហាស្មោះស្ម័គ្រ ចំពោះជាតិ មាតុភូមិ យកព្រះទ័យទុកដាក់បម្រើប្រជានុរាស្ត្ររបស់ព្រះអង្គ គ្រប់ទិសទី គ្រប់កាលៈទេសៈ។

ឆ្លៀតឱកាសដ៏មហោឡារិកនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក មានទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកប ដោយព្រះរាជសុខភាពពេញបរិបូរ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់នៅ ជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្ត្រជាយូរអង្វែងតរៀងទៅ។

សេចក្តីគួរពុំគួរ សូមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ព្រះមេត្តាប្រោស ៕

ដោយ : សិលា


ចែករំលែក៖