ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ កម្លាំង​សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង០៥ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនបរទេស ២១នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​នៅព្រឹកថ្ងៃ​អង្គារ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្រ្គោះជនបរទេសចំនួន ២១នាក់​ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៩ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថ្មីៗ​នេះ​។ 

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា​ សំណើទាំង ០៥ករណី រួមមាន៣សញ្ជាតិ៖ ស្នើឱ្យសង្រ្គោះជនជាតិវៀតណាម ៧នាក់, ចិន ០៣នាក់, និងបង់ក្លាដេស ១១នាក់។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែងបន្តថា​​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ រួមមាន​ដូចខាងក្រោម​៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៥៣៦ករណី មានមនុស្ស ១,៣៨៣នាក់

*២៖ បានស្រាវជ្រាវអង្កេត រកឃើញ ២៨១សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញមនុស្ស ៦៦១នាក់, ឃាត់ខ្លួនជនសង្ស័យ ៨២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

*៣៖ កំពុងបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត ១១៨សំណើ។

សូមជម្រាបជូនថា សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅប្រទេសកម្ពុជានេះ៕

ដោយ​៖សហការី​


ចែករំលែក៖