ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិត ដែលអញ្ជើញទទួលសញ្ញាបត្រ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់)។ ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។ យោងតាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។  

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំប្រកបដោយភាពជោគជ័យ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។សម្តេចតេជោក៏បានថ្លែងថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យ ឌីជីថល នៅក្នុងវិស័យនានា រួមទាំងការសិក្សាផងមានការរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញផងដែរ។សម្តេចតេជោ បានមានប្រសាសន៍ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ ដោយបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ហើយបើគ្មានធធាននុស្ស ក៏គ្មានការអភិវឌ្ឍន៍ដែរ។ 

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះជ័យលាភីទាំងអស់របស់និស្សិតនៅថ្ងៃនេះ និងជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យជាបន្តទៀតទាំងក្នុងការសិក្សា និងការងារនាពេលខាងមុខ៕

ដោយ : សិលា


ចែករំលែក៖