កម្លាំងទាហានអ៊ុយក្រែនប្រចាំនៅទីក្រុងកៀវបានត្រៀមរូងក្រោមដីពិសេស ជាការត្រៀមលក្ខណៈ ពេលរងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្ស៊ី ។
តាមសារព័ត៌មាន Newsweek នៅថ្ងៃទី១ខែវិច្ឆិកាបានផ្សាយថា មេបញ្ចាការកងទ័ពប្រចាំនៅទីក្រុងកៀវ លោក Oleksiy Kuleba បានឱ្យដឹងថា លោកបានឡើងគម្រោងសម្រាប់ករណីអាក្រក់បំផុត ក្នុងករណីរុស្ស៊ីសម្រេចប្រើប្រាស់គ្រាប់បែកបរមាណូក្នុងសង្គ្រាម។ លោក Oleksiy Kuleba បានបញ្ជាក់ថា «រយៈពេល៨ខែកន្លងមកបានបង្រៀនមេរៀនជាច្រើនដល់យើង ពីរឿងរ៉ាវដែលអាចកើតឡើង។ នៅពេលនេះយើងបានរៀបចំរូងក្រោមដីក្នុងរដ្ឋធានីកៀវ ដែលអាចលាក់ខ្លួនបានគេចផុតពីក្តីស្លាប់ ពេលរងការវាយប្រហារដោយគ្រាប់បែកបរមាណូ»។
នៅថ្ងៃ១ខែវិច្ឆិកា រុស្ស៊ីបានប្រាប់ឱ្យជនស៊ីវិលចាកចេញពីបណ្តោយច្រាំងខាងកើតនៃទន្លេ Dnipro ក្នុងតំបន់ Kherson របស់អ៊ុយក្រែន ជាទីដែលទីក្រុងកៀវចោទថា មានការបង្ខំឱ្យប្រជាជនជម្លៀសចេញពីទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់។ ក្រុមមន្ត្រីដែលរុស្ស៊ីលើកបន្តុបបាននិយាយថា ពួកគេកំពុងអនុវត្តបទបញ្ជានេះទៅកាន់តំបន់ដែលខ្លួនកាន់កាប់ចម្ងាយ១៥គីឡូម៉ែត្រ នៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីនីប្រូ។ ក្នុងសារជាវីដេអូមួយ លោក វ្ល៉ាឌីមៀរ សាលដូ (Vladimir Saldo) អភិបាលតំបន់ខឺសុនដែលរុស្ស៉ីលើកបន្តុបបានបញ្ជាក់ដូច្នេះថា «ដោយសារតែលទ្ធភាពនៃការប្រើប្រាស់វិធីសាស្រ្តទប់ស្កាត់សង្រ្គាមរបស់អ៊ុយក្រែន ក៏ដូចជាព័ត៌មានដែលថាទីក្រុងកៀវកំពុងរៀបចំការវាយប្រហារដោយមីស៊ីលដ៏ធំមួយមកលើស្ថានីយវារីអគ្គិសនីKakhovka នឹងនាំឱ្យមានគ្រោះថ្នាក់ភ្លាមៗ នៅក្នុងតំបន់ខឺសុន។ ដូច្នេះការសម្រេចចិត្តដើម្បីពង្រីកតំបន់ជម្លៀសនឹងអាចទប់ទល់ការវាយប្រហាររបស់អ៊ុយក្រែន និងការពារជនស៊ីវិល បាន»។
រុស្ស៊ីដែលបានក្រសោបយកផ្នែកខ្លះនៃតំបន់ខឺសុនរបស់អ៊ុយក្រែនដោយខុសច្បាប់បានអះអាងថា ខ្លួនកំពុងនាំយកជនស៊ីវិលទៅកាន់កន្លែងសុវត្ថិភាព ដោយសារតែមានហានីភ័យដែលអ៊ុយក្រែនអាចនឹងប្រើអាវុធខុសធម្មតា។ រីឯអ៊ុយក្រែនបានហៅការជម្លៀសនេះថាជាការនិរទេសដោយបង្ខំចេញពីទឹកដីដែលរុស្ស៉ីដណ្តើមកាន់កាប់ និងជាឧក្រិដ្ឋកម្មសង្គ្រាម៕ ដោយ៖ ធីរីណា
រូបថត ៖ AP