ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ គ្មានអ្នកណាម្នាក់បំផ្លាញសេដ្ឋកិច្ចរុស្ស៊ីបានឡើយ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ថា គ្មានប្រទេសណាមួយអាចបំផ្លាញសេដ្ឋកិច្ចរុស្ស៊ីក៏ដូចជាស្ថិរភាពនយោបាយក្នុងប្រទេសបានឡើយ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅរដ្ឋធានី មូស្គូ រដ្ឋមន្ត្រីការបរទេសឡាវរ៉ូវ បានបញ្ជាក់យ៉ាងច្បាស់ថា
«យើងអាចជឿជាក់បានថា មិនមានអ្នកណាម្នាក់អាចរារាំងឬបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ី ក៏ដូចជាបំផ្លាញស្ថិរភាពនយោបាយក្នុងប្រទេសនោះឡើយ ។ ប្រទេសជាតិរបស់យើងនៅតែបន្តដើរទៅមុខនៅលើវិថីរបស់ខ្លួន បើទោះបីជួបឧបសគ្គក្តី»។
រដ្ឋមន្ត្រីការបរទេស រុស្ស៊ីបានបញ្ជាក់ទៀតថា រុស្ស៊ីរងការដាក់ទណ្ឌកម្មពីមុនមក ហើយនោះជាបទពិសោធន៍ដើម្បីរុស្ស៊ី ឈានទៅមុខយ៉ាងរឹងមាំ ឆ្លងផុតរាល់ឧបសគ្គ ដើម្បីសម្រេចគោលដៅដោយជោគជ័យ។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស Lavrov រុស្ស៊ីមានប្រទេសជាមិត្តនៅជុំវិញពិភពលោក ក្នុងនោះមានទាំងប្រទេសអតីតសហភាពស៊ូវៀត នៅតំបន់អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីន ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏មិនកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតំបន់អឺរ៉ុបនោះឡើយ៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖