ភ្នំពេញ៖ នេះបើយោងតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនមនុស្សចំនួន ៥០នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០១ ខែវិច្ឆិកាម្សិលមិញនេះ។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង ៥០នាក់នោះ មាន ២១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ ១៤ករណី និងជនសង្ស័យ ២៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ១៥ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕
ដោយ៖ស តារា