ព័ត៌មានទាន់ហេតុការណ៍៖

ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ

ចែករំលែក៖

ខេត្តបាត់ដំបង​៖ បេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណីចោរប្លន់អ្នកលក់ប្រហិតនៅសង្កាត់ស្វាយប៉ោ​ កាលពីរសៀលថ្ងៃទី០៣​ វិច្ឆិកាថ្មីៗនេះ គឺជារឿងប្រឌិតតែប៉ុណ្ណោះមិនមែនជាការពិតឡើយ។ 

ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាប ជូនសាធារណជន អ្នកសារព័ត៌មាននិងបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅចំណុចមុខវិទ្យាល័យសម្តេចឳ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំ បង ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីស្រីម្នាក់ឈ្មោះ សំ ជ្រៀប អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរ តាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានមុខរបរលក់ប្រហិតចៀន នៅចំណុចខាងលើ បានប្តឹងសមត្ថកិច្ច ថានាវេលា ម៉ោង១៦និង៤៥នាទី ខ្លួនត្រូវបានជនមិនស្គាល់ឈ្មោះចំនួន ០៣នាក់ ក្នុងនោះមានស្រីម្នាក់ផង បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាព(ប្លន់) យកទ្រព្យសម្បត្តិមានប្រាក់រៀល ចំនួន ៣១៥,០០០រៀល ប្រាក់ដុល្លាអាមេរិកចំនួន ៤០០ដុល្លា ខ្សែកមាសចំនួន ០១ដំឡឹងមាន ខ្សែដៃមាសចំនួន ១ដំឡឹងកន្លះ និងកងដៃប្លាទីនចំនួន០៣ឈុតក្នុងខណៈជន សង័្សយ ប្រើប្រាស់ដំបងវាយមកលើខ្លួននិងខ្ទប់មាត់មិនអាចឱ្យខ្លួនស្រែករួច ហើយពួកជនសង័្សយបានយកទ្រព្យសម្បត្តិនេះគេចខ្លួនប្រកបដោយ សុវត្ថិភាព។

នៅពេលព័ត៌មាននេះកើតឡើង បានបង្កឱ្យមានភ្ញាក់ផ្អើលដល់មហាជន និងអ្នកសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយនូវព័ត៌មាននេះ ហើយរហូតមានសារព័ត៌មានខ្លះបានវាយប្រហារយ៉ាងចាស់ដៃមកលើ សមត្ថកិច្ចនគរបាលថាមិនមានសមត្ថភាពអ្វីសោះក្នុងការបង្ការទប់ស្កាត់ករណីខាងលើ បណ្តែតបណ្តោយឱ្យមានអំពើល្មើសមួយនេះបានកើតឡើង។

អនុវត្តតាមយោបល់ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានដាក់ បទ បញ្ជាយ៉ាងហ្មឹងហ្មាត់ដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ចាត់តាំងធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះករណី វាយប្លន់អ្នកលក់ប្រហិតយកប្រាក់ និងគ្រឿងអលង្ការដ៏ ចម្លែកដូចការលើកឡើងបែបនេះ។

ឆ្លងតាមរយៈការស្រាវជ្រាយដោយយកចិត្តទុកដាក់ពីផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយមានការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ រួមជាមួយសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងផងនោះ នា វេលារសៀលថ្ងៃទី ៤ខែ វិច្ឆិកា ឆ្នាំ ២០២២ ស្រី្តឈ្មោះ សំ ជ្រៀប បានឆ្លើយសារភាពថា ករណីក្រុមចោរចំនួន ០៣នាក់ ធ្វើសកម្មភាព(ប្លន់)យកប្រាក់និងគ្រឿងអលង្ការរបស់គាត់កាលពីរសៀលថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០ ២២នោះគឺជារឿងមិនពិតទេហើយរឿងនេះគឺគាត់បានប្រឌិតឡើងតែប៉ុណ្ណោះដោយសាររាល់ថ្ងៃគាត់មានបំ ណុល ច្រើនដោយមិនមានលទ្ធភាពសងបំណុលគេរាល់ខែបានក៏បែកគំនិតប្រឌិតរឿងចោរ(ប្លន់)នេះឡើងតែម្តងទៅក្រែងបានធូរស្រាលខ្លះ។

នៅក្រោយពេលសារភាពទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តិបង្កឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជនទូទៅ ពិសេសអ្នកសារព័ត៌មាននោះ រូបគាត់ត្រូវបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់នូវសក ម្មភាពបែបនេះ បន្តទៀត មុនពេលអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នក និយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបនិងកុំឱ្យមានការភាន់ច្រឡំចំពោះករណីខាងលើនេះ ។ បើទោះបីជាយ៉ាងនេះក៏ដោយ សមត្ថកិច្ចនគរបាលនៅតែបន្តគាំទ្រចំពោះការចូលរួមសហការពីគ្រប់មជ្ឈដ្ឋាន ជាមួយ សមត្ថកិច្ចយើងដើម្បីរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ដែលការចូលរួមសហការនេះគឺជាផ្នែកមួយយ៉ាងសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ ពិចារណា ស្វែងរកការពិត ជាជាងការរង់ចាំទទួលបានតែការស្តីបន្ទោសជារៀងរ ហូតមក សូមអរគុណ៕

ដោយ​៖សហការី​


ចែករំលែក៖