ព័ត៌មានទាន់ហេតុការណ៍៖

ល្បាតត្រួតពិនិត្យ និងការពារតាមគោលដៅ សម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានត្រៀមកម្លាំង ២៤ម៉ / ២៤ម៉ ល្បាតត្រួតពិនិត្យ និងការពារតាមគោលដៅ សម្រាប់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២។

ស្នងការនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រមាណជាង ២.៣០០ នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក សាន សុខសីហា បានមាន ប្រសាសន៍ ប្រាប់ថា ទាក់ទងនឹងផែនការការពារ និងការប្រើប្រាស់កម្លាំង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ គឺបានប្រើប្រាស់កម្លាំងសរុប តាមផែនការជាង ២.៣០០ នាក់ និងបែងចែកតាមគោលដៅសំខាន់ៗ ជាពិសេស នៅតាមដងផ្លូវគឺៈ ទី១.កម្លាំងចរាចរណ៍ ដើម្បីជួយសម្រួល ក្នុងការធ្វើចរាចរណ៍ របស់ថ្នាក់ដឹកនាំកំពូលៗ ទី២.កម្លាំងតាមការិយាល័យជំនាញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ ចូលរួមសហការគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យបានល្អ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ។

អ្នកនាំពាក្យស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា  ” យើងមានត្រៀម កម្លាំងអន្តរាគមន៍ កម្លាំងអគ្គិភ័យ ដើម្បីត្រៀមជាប្រចាំ នៅពេលដែលមានករណីផ្សេងៗ កើតមានឡើងដោយយថាហេតុ”។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនូវរូបសមត្ថកិច្ច ក្រោមការបញ្ជារបស់លោក ហើយបញ្ជាក់ថា, កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕

ដោយ : សហការី


ចែករំលែក៖