ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកលើកឡើងថា អ៊ុយក្រែនគឺជាអ្នកសម្រេចការផ្តល់ទឹកដីឱ្យរុស្ស៊ី

ចែករំលែក៖

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៩ខែវិច្ឆិកា ប្រធានាធិបតីបៃឌិនបានលើកឡើងថា អាមេរិកយល់ឃើញថា ការកាត់ទឹកដីឱ្យរុស្ស៊ីឬអត់នោះ គឺអាស្រ័យទៅលើសិទ្ធិក្នុងការសម្រេចរបស់អ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោននឹងមិនដាក់គំនាបទៅលើទីក្រុងកៀវក្នុងបញ្ហានោះឡើយ ។
លោកបៃឌិន បានលើកឡើងថា «បញ្ហាកាត់ទឹកដីគឺអាស្រ័យទៅលើជនជាតិអ៊ុយក្រែន»។ លោកបៃឌិនបញ្ជាក់ទៀតថា អាមេរិកមិនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ៊ុយក្រែននោះឡើយ ក្នុងនោះមានសំណើរបស់អ៊ុយក្រែនក្នុងការបង្កើតតំបន់ហាមប្រាមហោះហើរនៅក្នុងទឹកដីអ៊ុយក្រែនក៏ដូចជាផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ HIMARSជាដើម។
កន្លងមក រុស្ស៊ីក៏បានព្រមានដល់ប្រទេសលោកខាងលិចពីការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែននោះដែរ ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានបញ្ជាក់ថា ការខិតខំរបស់លោកខាងលិចក្នុងការផ្តល់អាវុធដល់អ៊ុយក្រែនគឺជាការគំរាមកំហែងផ្ទាល់ដល់សន្តិសុខអឺរ៉ុប និងប្រទេសលោកខាងលិច ។
ក្នុងពេលនេះដែរ រុស្ស៉ីបានបញ្ជាកងទ័ពឱ្យដកថយចេញពីទីក្រុង Kherson ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតរវាងកងទ័ពនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃ៩ខែវិច្ឆិកាបានបញ្ជាឱ្យកងទ័ពរបស់ទីក្រុងមូស្គូដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដែលកងកម្លាំងអ៊ុយក្រែនបាននិងកំពុងវាយបកយ៉ាងលឿនឆ្ពោះទៅមុខជាច្រើនសប្តាហ៍កន្លងមកនេះ។
លោក Shoigu បាននិយាយនៅក្នុងសន្និសីទវីដេអូមួយជាមួយមេបញ្ជាការរុស្ស៊ីនៅអ៊ុយក្រែន លោក Sergei Surovykin ដែលបង្ហាញពី«ការសម្រេចចិត្តដ៏លំបាក» ក្នុងការដកកងទ័ពចេញពីទីក្រុង Kherson និងបានបញ្ជាឱ្យកសាងការការពារនៅច្រាំងខាងឆ្វេងនៃទន្លេ Dnieper ។
សេចក្តីសម្រេចនេះបានកត់សម្គាល់ថា ជាការដកថយដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីខ្លួនបានចាប់ផ្តើមការវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈ។
នៅដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសគាំទ្រជាសាធារណៈចំពោះការជម្លៀសជនស៊ីវិលពីផ្នែកខ្លះនៃតំបន់ខឺសុន (Kherson) ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលមានការប្រយុទ្ធគ្នាខ្លាំងក្លាបំផុតរវាងកងទ័ពនៃប្រទេសទាំងពីរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tienphong.vn


ចែករំលែក៖