គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែនដែលមានតម្លៃ១៨ពាន់លានដុល្លារ ដើម្បីជួយប្រទេសនេះឱ្យរស់រានមានជីវិតរហូតដល់ឆ្នាំ ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លក្ខខណ្ឌត្រូវបានកំណត់នៅទីនេះថា ទីក្រុង Kiev ត្រូវតែសងបំណុលក្នុងរយៈពេលជាង៣៥ឆ្នាំ។
អនុប្រធាន EC លោក Valdis Dombrovskis បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៩ខែវិច្ឆិកាថា កញ្ចប់ប្រាក់កម្ចីថ្មីនឹងត្រូវបែងចែកទៅជាការបង់រំលស់ប្រចាំខែក្នុងចំនួនទឹកប្រាក់១.៥ពាន់លានដុល្លារក្នុងមួយខែៗរហូតដល់ឆ្នាំ២០២៣ ។ ប្រាក់កម្ចីនេះនឹងត្រូវបង់រំលស់ក្នុងរយៈពេល៣៥ឆ្នាំ។ សហភាពអឺរ៉ុបនឹងខ្ចីប្រាក់ពីទីផ្សារពិភពលោក ហើយបង់ការប្រាក់លើប្រាក់កម្ចីទាំងនោះ។
លោក Dombrovskis បាននិយាយថា អ៊ុយក្រែនស្ថិតក្នុងស្ថានភាព “បន្ទាន់” ដែលត្រូវការជំនួយ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលរបស់ខ្លួនបានទទួលរងនូវការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើក។ លោកក៏បានអំពាវនាវឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសភាសហភាពអឺរ៉ុបអនុម័តកញ្ចប់ជំនួយនេះមុនដំណាច់ឆ្នាំនេះ។
ទោះយ៉ាងណាក៏ដោយ វាពិតជាលំបាកណាស់ក្នុងការសម្រេចបានការឯកភាពពេញលេញពីបណ្តាប្រទេស EU លើជំនួយរួមនេះ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហុងគ្រី លោក Mihaly Varga បាននិយាយថា ប្រទេសលោកនឹងមិនចុះហត្ថលេខាលើកញ្ចប់កម្ចីរួមនោះទេ។ មុននេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ថា ហុងគ្រីពិតជាមិនគាំទ្រទម្រង់ណាមួយនៃជំនួយរួមរបស់ EU ពាក់ព័ន្ធនឹងអ៊ុយក្រែនឡើយ។
រដ្ឋមន្ត្រីការបរទេសលោក Szijjarto បានពន្យល់ថា “យើងបានធ្វើវាម្តង យើងបាននិងកំពុងតស៊ូមតិលើកិច្ចព្រមព្រៀងកម្ចីរួមក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នោះគឺគ្រប់គ្រាន់ហើយ។ » ជំនួយថ្មីដល់អ៊ុយក្រែនទាមទារការយល់ព្រមពីរដ្ឋសមាជិកទាំង២៧ប្រទេស។
ចាប់តាំងពីដើមឆ្នាំនេះមក សហភាពអឺរ៉ុបបានផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៤,២ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាសង្គ្រោះរហូតដល់៩ពាន់លានដុល្លារ។ លើសពីនេះទៀត សម្ព័ន្ធមិត្តក៏បានបញ្ជូនជំនួយយោធាដែលមានតម្លៃជាង២ពាន់លានដុល្លារទៅក្រុងគៀវផងដែរ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឱ្យមេដឹកនាំលោកខាងលិចផ្តល់ជំនួយហិរញ្ញវត្ថុដើម្បីឱ្យប្រទេសនេះអាចទ្រទ្រង់សេដ្ឋកិច្ច និងប្រតិបត្តិការយោធារបស់ខ្លួន។ នៅក្នុងវីដេអូដែលបានផ្ញើទៅកាន់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែតុលា មេដឹកនាំអ៊ុយក្រែនបាននិយាយថា ប្រទេសរបស់លោកនឹងត្រូវការប្រាក់ចំនួន ៥៥ ពាន់លានដុល្លារនៅឆ្នាំក្រោយ ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពេលមានជម្លោះជាមួយរុស្ស៊ី៕
ដោយ៖ ធីរីណា(រូបថត៖ AFP)