ព័ត៌មានទាន់ហេតុការណ៍៖

យកដាវកាប់គ្នានៅក្នុងរោងការបណ្ដាលឱ្យយុវជនពីរនាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ យុវជនពីរក្រុម ចូលរួមក្នុងមង្គលការគេនៅក្នុងភូមិ បានឈ្លោះប្រកែកប្រតាយប្រតប់គ្នាផ្អើលពេញរោងការ ធ្វើឲ្យគូជម្លោះមួយក្រុមទៀត យកដាវកាប់ទៅលើគូទំនាស់របស់ខ្លួន បណ្ដាលឱ្យយុវជនពីរនាក់រងរបួសយ៉ាងដំណំ ។

ករណីនេះបានកើតឡើងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២២និង០៥នាទី នៅចំណុចភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

    មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះ០២នាក់ ១.ឈ្មោះ ប៊ុណ្ណា សុខកន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល(មានស្នាមរបួសចំនួន០២កន្លែងចំក្បាល)។ ២.ឈ្មោះ ឈន រ៉ាត់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល(មានស្នាមរបួសចំនួនពីរកន្លែងចំ.ពោះខាងឆ្វេងចំនួន០១កន្លែងនិងចំកំភួនជើងខាងស្តាំចំនួន០១កន្លែង)។

ចំណែកជនសង្ស័យចំនួន០៣នាក់

១.ឈ្មោះ ជូ​ រ៉ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិព្រែក ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន) ,២.ឈ្មោះ រិន ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកប៉ាន ឃុំត្រេីយស្លាស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន),៣.ឈ្មោះ ហ៊ាងភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងដកហូត ១.កាំបិតផ្គាក់ចំនួន០១ដេីមផ្លែកដែកដងឈើ,២.អាវដៃវែងចំនួន០២ពណ៌ខ្មៅចំនួន០១និងពណ៌សចំនួន០១។ 

      ប្រភពដដែលបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យបានឈ្លោះប្រកែកគ្នានៅក្នុងរោងការរួចក៏បានប្រតាយប្រតប់គ្នាបន្ទាប់មកក៏បានគេឃាត់បំបែកឲ្យចេញពីគ្នា បានបន្តិចក្រោយមកជនសង្ស័យទាំងបីនាក់ខាងលើបានយកដាវកាប់ទៅលើជនរងគ្រោះទាំងពីរនាក់បណ្ដាលឲ្យមានរបួស ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យបានគេចខ្លួន។ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យ។

    លុះនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ ២០២២វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនឈ្មោះ ជូ រ៉ង យកមកធ្វើការសាកសួរ។ចំណែកឈ្មោះ ហ៊ាងនិងឈ្មោះរិនបានគេចខ្លួន។

    នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ពិតជាបានយកដាវកាប់ទៅលើជនរងគ្រោះទាំង០២នាក់ពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖