ខេត្តកំពង់ស្ពឺ ៖ ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូនសូមធ្វើការក្រើនរំលឹកដល់បងប្អូនអ្នកបើកបរលើផ្លូវល្បឿនលឿនមេត្តាជ្រាបថា៖
-គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា
អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
-គន្លងវ៉ាជែង
ជាគន្លងស្ថិតនៅខាងឆ្វេងដៃបំផុត គឺសម្រាប់ប្រើប្រាស់ក្នុងការវ៉ាជែងតែប៉ុណ្ណោះ មិនមែនសម្រាប់ចរាចរណ៍ធម្មតាឡើយ។
ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លងផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំដើម្បីងាកចូលគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ។
*ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ត្រូវប្រកាន់យកគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
-គន្លងផ្លូវសម្រាប់ឈប់បន្ទាន់
ជាគន្លងផ្លូវសម្រាប់ឈប់ ក្នុងករណីយានយន្តខូច ឬមានបញ្ហាផ្សេងៗប៉ុណ្ណោះ។
ក្រសួងសង្ឃឹមយ៉ាងមុតមាំបងប្អូនអ្នកបើកបរ ទាំងអស់អនុវត្តតាមការណែនេះឱ្យបានខ្ចាប់ខ្ជួនដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។
តែថ្ងៃនេះមានបុរសម្នាក់ហេសហេបង 2AP-1767 លេងចឹងៗម៉ងនៅលើផ្លូវល្បឿនលឿន? ខុសច្បាប់ចរាចរណ៍ ខុសវិន័យសីលធម៌ហើយទាន ! សម័យ facebook យល់ ? ចតឡានក៏ខុស នោមក៏ខុស ល្បីពេញបណ្តាញទំនាក់ទំនងសង្គម facebook តើយកមុខទៅទុកឯណា ? ឈប់បានឈប់ទៅ ! មើលគេមើលឯងផង ប្រជាពលរដ្ឋគាត់យល់ដឹងច្រើន តិះដៀល រិះគន់មិនសំចៃមាត់ទេ ឱ្យតែថតបាន អ្នកប្រព្រឹត្តល្មើសចរាចរណ៍នោះ ៕
ដោយ : សុខ ខេមរា