ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តដែលជាប់ចោទយកកាំបិតចុងស្រួចប៉ងធ្វើឃាតស្ត្រីចំណាស់សង្ស័យចេះអាបធ្មប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី  ៖ មន្ត្រីនគរបាលនៃស្នងនគរបាលខេត្ត មណ្ឌលគិរីនៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តពីបទប៉ុនប៉ងមនុស្សឃាត។

បុរសជាជនជាប់សង្ស័យបានចោទ ប្រកាន់ស្ត្រីចំណាស់ម្នាក់ថាចេះអំពើអាបធ្មប់ហើយបានប៉ងចាក់សម្លាប់ស្ត្រីនោះ។

សមត្ថកិច្ចនគរបាលស្រុកកោះញែកឲ្យដឹងថា គេបានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២២ ពីបទយកកាំបិតចុងស្រួច ប៉ងចាក់សម្លាប់ស្ត្រីម្នាក់ដែលបុរសនោះសង្ស័យចេះអំពើ ធ្មប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ប្រភពខាងលើបន្តថា ជនសង្ស័យឈ្មោះ អ៊ូ សុខលាប អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅ ភូមិឃុំខាងលើ បានប្រើប្រាស់កូនកាំបិតចិតបន្លែហើយដើរឡើងទៅដល់លើផ្ទះរបស់ជនរងគ្រោះឈ្មោះ សឿ សាវេត ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ កសិករ បម្រុងចាក់សម្លាប់ ដោយជនសង្ស័យ គិតថា ជនរងគ្រោះចេះអំពើអាបធ្មប់ តែត្រូវបានប្តីរបស់ជនរងគ្រោះទៅទាន់ ហើយ ជនសង្ស័យក៏រត់គេចខ្លួនបាត់១យប់។ លុះព្រឹកឡើងជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចដែលប្រចាំការនៅមូលដ្ឋាននោះ ក៏បានទៅឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅឯស្នាក់ការប៉ុស្តិ៍នគរបាល រយ៉។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃអធិការ ដ្ឋាននគរបាលស្រុកកោះញែកសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៕

ដោយ៖ សូរិយា


ចែករំលែក៖