ខេត្តកំពង់ស្ពឺ ៖ ដោយអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បបានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់លោកយាយ ស៊ុម នឹម អាយុ ៨៦ឆ្នាំ មានជំងឺប្រចាំកាយ និងលោកតា ពេជ្រ ធន់ អាយុ ៨៤ឆ្នាំ ពិការភ្នែកដេីរពុំរួច ដែលត្រូវជាប្តីប្រពន្ធនឹងគ្នារស់នៅជាមួយគ្នាយ៉ាងលំបាក ខណៈដែលកូនស្រីរបស់គាត់ជាស្ត្រីមេម៉ាយកូន ៥នាក់ មិនទាន់ស្វែងរកការងារធ្វេីបានបន្ទាប់ពីវិបត្តិកូវីដ-១៩។
បច្ចុប្បន្នគ្រួសារខាងលេីនេះរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយលោកតា។ លោកជំទាវ បានជម្រាបជូនលោកយាយលោកតាផងដែរថា ៖ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហេីយបន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីដ៏លំបាកមួយនេះ សម្តេច មានអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរយ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលេីកទឹកចិត្តដល់លោកយាយលោកតាដេីម្បីបន្តនៅជាម្លប់ដល់កូនចៅតទៅមុខទៀត»។ ជាមួយគ្នានេះ លលោកស្រី ក៏បានផ្តាំផ្ញេីឱ្យស្ត្រីមេម៉ាយ ដែលត្រូវជាកូនស្រី ត្រូវបន្តមេីលថែទាំលោកយាយលោកតា លេីកទឹកចិត្តជំរុញពួកគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ហេីយត្រូវរស់នៅមានអនាម័យស្អាត ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដេីម្បីអនាគតរុងរឿង។
លោកយាយលោកតា និងកូនស្រី មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាកទៀតផង។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនលោកយាយលោកតា រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីវអ៊ីវ ទឹកដោះគោ ទឹកត្រចៀកកាំ ប្រេងខ្យល់ អាហារបំប៉ន មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រេីប្រាស់មួយចំនួនផងដែរ។ ដោយឡែក កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភដល់ ស្ត្រីមេម៉ាយ ដែលត្រូវជាកូនស្រីរបស់លោកយាយលោកតាខាងលេីនេះ រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៉ីវ មុង ភួយ សារុង ក្រមា និងថវិកាចំនួនផងដែរ៕
ដោយ : សិលា