ព័ត៌មានទាន់ហេតុការណ៍៖

អ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបង្ហាញពីការជួយទិញផលិតផលនិងរកការងារធ្វើដល់ប្រជាសហគមន៍មូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងពេលយកទំនិញជាផលិតផលក្នុងស្រុកដែលមានទាំងគ្រឿងឧបភោគ បរិភោគនិង របស់របរប្រើប្រាស់ជា ហូលផាមួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២នៅក្នុងសណ្ឋាគារសុខារាជធានីភ្នំពេញ ក្រុមអ្នកលក់ផលិតផលកែច្នៃទាំងនោះបានបង្ហាញពីការជួយដល់សហគមន៍ក្នុងការជួយរកការងារ និងជួយទិញផលិតផលរបស់ពួកគាត់សំដៅដើម្បីជួយលើកស្ទួយជីវភាពអ្នកផលិតឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២៥ និងស្តង់ចំនួន២៦បានដាក់លក់ទំនិញច្រើន មុខ សម្រាប់គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានចូលរួមទស្សនាផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា។ 

អ្នកស្រី ហម ផុស្សនាកល្យាណី អ្នកកែច្នៃម៉ូតប្រចាំក្រុម ហ៊ុន ហត្ថានារី បានឱ្យដឹងថា ទំនិញរបស់ អ្នកស្រីដែលយកតាំងមកតាំងបង្ហាញនេះមានទៀនក្រអូបនិង តែ ដែលជាផលិតផលចេញមកពីសហគមន៍ហើយការយកទំនិញដែលជាផលលិតផលក្នុងស្រុកមកតាំងបង្ហាញលក់នេះដែរគឺក្នុងគោលបំណងចង់បង្ហាញដល់បរទេសឱ្យបានស្គាល់ទំនិញរបស់កម្ពុជាថាប្រទេសយើងក៏អាចផលិតទំនិញដែលមានគុណភាពនិងប្រកបទៅដោយការនិយមប្រើប្រាស់មិនចាញ់ប្រទេសដទៃនោះឡើយ។

អ្នកស្រីបានបញ្ជាក់បន្ថែមថា”ពួកយើងបានផលិត នូវផលិតផលទាំងអស់នេះនៅក្នុងខេត្តសៀមរាបនិងក្នុងបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ហើយដូចជាតែ និងសារជាតិផលិតធ្វើជាទៀនក៏បានទិញពីសហគមន៍ដែលផ្តល់នូវចំណូលជូនពួកគាត់ក្នុងការដោះស្រាយជីវភាព”។

ដោយឡែកអ្នកស្រី ម៉ាលីកា ក្រុមហ៊ុនផ្តៅម៉ាឃីត ដែលជាក្រុមហ៊ុនមួយបានកែច្នៃកំប្លោកធ្វើជា កាបូប កាតាប និងរបស់របរដទៃជាច្រើនទៀតក្នុងការយកមកដាក់តាំងលក់នៅក្នុងពិព័រណ៍ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០និង ទី៤១នេះដែរបានប្រាប់ឱ្យដឹងថា ការកែច្នៃទំនិញផលិតចេញពីកំប្លោកនេះក្នុងគោលបំណងសំខាន់គឺដើម្បីលើកស្តួយស្រ្តីខ្មែរនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើ មានជំនាញច្បាស់លាស់និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។

អ្នកស្រី គង់សិទ្ធាវី អ្នកផ្នែកទីផ្សារនៃអង្ករ Ibis Rice ឱ្យដឹងថាអ្នកស្រីពិតជាមោទនភាពដែលអង្កររបស់អ្នកស្រីកំពុងបានទទួលពេញនិយមលើទីផ្សារ។ បច្ចុប្បន្នប្រភេទអង្ករបស់អ្នកស្រីមិនត្រឹមតែលក់ក្នុងទីផ្សារក្នុងស្រុកទេ ប៉ុន្តែក៏អាចលក់ក្នុងទីផ្សារអន្តរជាតិបានថែមទៀត។ អ្នកស្រីឱ្យដឹងបន្ថែមថាគម្រោង Ibis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូល ហើយធ្វើការជាមួយកសិករកម្ពុជាដើម្បីផលិតអង្ករសរីរាង្គដែល មានគុណភាពលំដាប់ថ្នាក់ពិភពលោករួមទាំងទប់ ស្កាត់ ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទដែលរងគ្រោះជិតផុតពូជ។

គួរបញ្ជាក់ថាអង្គការជីវិតសត្វស្លាបអន្តរជាតិ បានធ្វើការជាមួយគម្រោង Ibis Rice និងអង្គការ WCS ដើម្បីអនុវត្តកម្មវិធីបង្កើនជីវភាពពលរដ្ឋនេះ ទទួលបានជោគជ័យរួចទៅហើយ នៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តមួយចំនួនទៀត។

លោក អូន វណ្ណដា មន្ត្រីនៃក្រសួងការបរទេដនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទដូចជា រូបចម្លាក់ដែលធ្វើពីកំទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀក បំពាក់,កាបូប,ហូល,ក្រមា ដែលធ្វើពីអំបោះសូត្រកប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។

លោកបានបញ្ជាក់បន្ថែមថាចំពោះផលិតផលក្នុងវិស័យ កសិកម្មមានដូចជា អង្ករ,គ្រាប់ស្វាយចន្ទី,កាហ្វេ, ដំណាប់ ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែងត្រូវបានផលិត និងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖