សារព័ត៌មាន Asia Times បានផ្សាយថា អុីរ៉ង់ហាក់ដូចជាបានផលិតអាវុធលឿនជាងសំឡេងដោយប្រើបច្ចេកវិទ្យារបស់រុស្ស៊ី បន្ទាប់ពីអុីរ៉ង់ផ្គត់ផ្គង់អាវុធដល់ ទីក្រុងMocsow ក្នុងអំឡុងពេលមានសង្គ្រាមជាមួយអ៊ុយក្រែន។ តាមសារព័ត៌មាន Asia Times ប្រសិនបើនេះជាការណ៍ពិត សហរដ្ឋអាមេរិកនិងប្រទេសជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រនឹងមិន “នៅស្ងៀម”នោះឡើយ ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អុីរ៉ង់បានផ្សាយថា ទីក្រុងតេអេរ៉ង់បានផលិតអាវុធដែលមានល្បឿនលឿនជាងសំឡេង ដែលមានសមត្ថភាពអាចហោះគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវបាន។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអុីរ៉ង់ លោក អុីប្រាហ៊ីម រ៉ៃស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង បានឱ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាលើបញ្ហាទ្វេភាគីសំខាន់ៗមួយចំនួន ដោយផ្តោតលើវិធីកសាងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមទាំងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារ។
ប្រធានាធិបតីអុីរ៉ង់ លោក រ៉ៃស៉ី បានស្វាគមន៍បំណងប្រាថ្នារបស់រុស្ស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយសាធារណរដ្ឋអ៊ិស្លាម ជាពិសេសការអភិវឌ្ឍខ្សែដឹកជញ្ជូននៅក្នុងតំបន់អឺរ៉ាស៊ី (Eurasian) ដែលនឹងក្លាយទៅជាផ្លូវដ៏ទាក់ទាញមួយសម្រាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងពិភពលោក។
ជំនួបតាមទូរស័ព្ទនៃមេដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់ កើតឡើងបន្ទាប់ពីមន្ត្រីសន្តិសុខជាន់ខ្ពស់រុស្ស៊ី លោក នីកូឡៃ ផាតទ្រួសេវ (Nikolai Patrushev) បានជួបជាមួយមន្ត្រីសន្តិសុខកំពូលរបស់អុីរ៉ង់ លោក អាលី សាម៉ាកានី (Ali Shamkhani) នៅទីក្រុតេហេរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយនៅពេលនោះពួកគេបានពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែលពួកគេហៅថាជា «ការជ្រៀតជ្រែកពីលោកខាងលិច ចំពោះកិច្ចការផ្ទៃក្នុងរបស់ពួកគេ៕
ដោយ៖ ធីរីណា(រូបថត៖ Asia Times)