ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជូនដំណើរ សម្តេចតេជោ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20នៅប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការមេដឹកនាំAPEC នៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20នៅប្រទេសឥណ្ឌូនេស៊ី និងចូលរួមកិច្ចសន្ទនាក្រៅផ្លូវការមេដឹកនាំAPEC នៅប្រទេសថៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាសម្រាប់កិច្ចប្រជុំកំពូលG20 សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២។

ក្រោមមូលបទនៃភាពជាប្រធាន G20 របស់ឥណ្ឌូណេស៊ី ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញកាន់តែរឹងមាំ សម្តេចតេជោនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅ នៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺ រាតត្បាត។ សម្ដេចក៏នឹងចូលរួមកម្មវិធីអាហារពេលល្ងាចក្រៅផ្លូវការ ដែលរៀបចំដោយឯកឧត្តមប្រធានាធិបតីបារាំង ហើយរំពឹងថានឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមួយចំនួន។

ការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ បង្ហាញពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងនិម្មាបនកម្មតំបន់ និងការប្តេជ្ញាចិត្តរបស់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការបន្ស៊ី និងបញ្ចូលគ្នារវាងអាទិភាព សំខាន់ៗរបស់អាស៊ានជាមួយនឹងអាទិភាពនានារបស់វេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះគឺជាការគូសបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា សម្រាប់បេសកម្មសម្ដេចតេជោក្នុងកិច្ចប្រជុំG២០។

ចំណែកកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំAPECវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃប្រទេសថៃ ។ ក្នុងឋានៈជាប្រធានអាស៊ាន សម្ដេចនឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។

ក្រសួងបន្តថា សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»។ បទអន្តរាគមន៍របស់សម្តេចតេជោ នឹងរួមចំណែកដល់កិច្ចពិភាក្សាស្តីពីការរីកចម្រើនប្រកបដោយចីរភាព និងការបង្កើនកិច្ចសហប្រតិបត្តិការរវាង APEC និងដៃគូខាងក្រៅរបស់ខ្លួន ស្របតាមមូលបទ APEC ឆ្នាំ២០២២ «ការបើកចំហរ ការតភ្ជាប់ និងតុល្យភាព»។

ក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលAPEC សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ APEC ផ្សេងទៀតនឹងអញ្ជើញចូលគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រថៃ និងសម្ដេចព្រះមហាក្សត្រី ស៊ុធីតា ផាត់ឆៈរៈស៊ុថាភិម៉ុនឡាក់សៈណៈក្នុងព្រះបរមរាជវាំង។ សម្ដេចក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតី បារាំង Emmanuel MACRON នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖