ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Man United កំពុងរៀបចំលុបចោលកិច្ចសន្យា Cristiano Ronaldo តែស្ថិតក្នុងលក្ខខណ្ឌមួយ

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United កំពុងរង់ចាំព័ត៌មានលម្អិតពេញលេញនៃការសម្ភាសន៍របស់ Cristiano Ronaldo មុនពេលប្រតិកម្ម ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលពួកគេកំពុងស្វែងរក។

នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ខ្សែប្រយុទ្ធ Ronaldo បានវាយប្រហារយ៉ាងខ្លាំងទៅលើក្លិបបិសាចក្រហមសម្រាប់ការ “ក្បត់” គាត់។ គាត់បានមើលងាយលោក Erik ten Hag ដោយនិយាយថា គាត់មិនមានការគោរពចំពោះអ្នកគ្រប់គ្រងថ្មីទេ។

សារព័ត៌មាន Manutdnews និង The Telegraph បានរាយការណ៍ថា ក្លិប Man United កំពុងពិចារណាលើការលុបកិច្ចសន្យារបស់កីឡាករជើងចាស់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។ ទោះជាយ៉ាងណាក៏ដោយ ជំហាននេះនឹងត្រូវអនុវត្តបានលុះត្រាតែ Ronaldo មិនទាមទារឱ្យទទួលបានប្រាក់ឈ្នួលរយៈពេលខែចុងក្រោយនៃកិច្ចព្រមព្រៀងដែលរកបានច្រើនរបស់គាត់។

ក្លិបយក្សនៅ Premier League នៅតែមិនទាន់ដឹងពីទំហំពេញលេញនៃការវាយប្រហារដែលបញ្ចេញមកលើពួកគេដោយតារាម្នាក់រូបនេះទោះជាយ៉ាងណាក៏ដោយ ក្រឡេកទៅមើលការដកស្រង់នៃបទសម្ភាសន៍នេះវាច្បាស់ណាស់ថា គ្មានទំនាក់ទំនងរវាង Ronaldo និងលោក Ten Hag ទៀតទេ។ ប្រសិនបើកីឡាកររូបនេះនិយាយជាសាធារណៈថា គាត់មិនគោរពអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់គាត់ គាត់ត្រូវតែចាកចេញ មិនមានវិធីផ្សេងទៀតចេញទេ។

លោក Ten Hag មានការគាំទ្រពេញទំហឹងពីថ្នាក់ដឹកនាំក្លិបបិសាចក្រហមរហូតដល់ចំណុចនេះ។ ក្លិបនឹងគាំទ្រអ្នកគ្រប់គ្រង ប្រសិនបើវាជាការទាស់គ្នារវាងអ្នកគ្រប់គ្រង និងកីឡាករ។ ជាមួយនឹងការប្រកួតបាល់ទាត់របស់ក្លិបត្រូវផ្អាកដោយសារការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខ ក្លិបបិសាចក្រហមមានពេលវេលាដើម្បីសម្រេចថា តើត្រូវប្រតិកម្មបែបណា?

បច្ចុប្បន្ននេះ Ronaldo រកបានប្រហែល៥៦០,០០០ផោនក្នុងមួយសប្តាហ៍ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតនៅក្នុងលីគអង់គ្លេស។ ការ​បង់​ប្រាក់​ខែ​ដែល​នៅ​សល់​ពេល​បញ្ចប់​កុងត្រា​នឹង​ជា​ការ​ចំណាយ​ដ៏​សន្ធឹក​សន្ធាប់​សម្រាប់ United។ ពួកគេនឹងចង់ជៀសវាងរឿងនោះ ហើយជារឿងត្រឹមត្រូវណាស់។

ម្ចាស់​ពាន Ballon D’Or ៥​សម័យ​បច្ចុប្បន្ន​កំពុង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​នៅ World Cup។ ភ្នាក់ងាររបស់គាត់លោក Jorge Mendes នឹងខិតខំស្វែងរកឲ្យគាត់លេងជាមួយក្លិមានកៅអីនៅ Champions League នៅខែមករា។ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់ថា តើក្លិបធំៗនៅអឺរ៉ុបណាមួយនឹងសុខចិត្តយក Ronaldo នៅពាក់កណ្តាលរដូវកាលជាមួយនឹងការទាមទារប្រាក់ឈ្នួលដ៏ច្រើនបែបនេះ ៕​

ដោយ៖ ភារៈ(រូបភាព ៖ Manutdnews/The Telegraph/talksport)


ចែករំលែក៖