ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ បានជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ ។
នាឱកាសនោះ លោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន បានឱ្យដឹងថា ទីក្រុងស៊ូវ៉ុន មានចំណងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាមួយខេត្តសៀមរាប អស់រយៈពេល១៩ឆ្នាំមកហើយ ព្រមទាំងបានកសាងនូវសមិទ្ធផលមួយចំនួន សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ការបង្កើតភូមិមិត្តភាព ស៊ូវ៉ុនភ្នំក្រោម និង បានកសាងអគារសិក្សាពីថ្នាក់បឋមដល់អនុវិទ្យាល័យនៅភូមិភ្នំក្រោមទៀតផង។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងខេត្តក្រុងទាំងពីរ បានដំណើរការទៅដោយរលូន ។
ម៉្យាងទៀតដំណើររបស់ប្រតិភូនៃក្រុងស៊ូវ៉ុន ក្នុងកិច្ចពិភាក្សាពេលនេះ ដោយផ្តោតទៅលើទំនាក់ទំនងការងារគម្រោងរបស់ក្រុងស៊ូវ៉ុន មាន២គម្រោង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នៅភូមិ មិត្តភាពស៊ូវ៉ុនភ្នំក្រោម ក៏សូមឲ្យរដ្ឋបាលខេត្តសៀមរាប រកនូវទីតាំងតំបន់គម្រោងទី២ របស់ស៊ូវ៉ុន ដោយមិនឲ្យឆ្ងាយពីក្រុងសៀមរាបនោះឡើយ។ លោកក៏បានឲ្យដឹងទៀតថា គម្រោងនេះគឈទាក់ទងទៅនឹងវិស័យទេសចរណ៍ , អនាម័យ ,អប់រំ សុខាភិបាល និង វិស័យផ្សេងៗទៀតផងដែរ ។
លោក ក៏បានសុំឱ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការជ្រើសរើសកំណត់ទីតាំង ដើមី្បក្រុមការងាររបស់ក្រុងស៊ូវ៉ុនចុះធ្វើការសិក្សាលម្អិតលើគម្រោង ព្រមទាំងធ្វើការជ្រើសរើសមន្ត្រីយកទៅបណ្តុះបណ្តាល នៅប្រទេសកូរ៉េ អំពីជំនាញបច្ចេកទេស ចំពោះលើការចំណាយគឺ ភាគីកូរ៉េ ជាអ្នកធានារ៉ាប់រងទាំងស្រុង ។
ក្នុងនោះដែរប្រតិភូនៃក្រុងស៊ូវ៉ុន ក៏បានគូសបញ្ជាក់ថា ទោះបីនៅលើពិភព លោក បានជួបនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពោះការទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុង ខេត្តទាំងពីរ ក៏នៅមានការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានផ្តល់នូវសម្ភារៈ បរិក្ខា និង ស្បៀងអាហារ សម្លៀកបំពាក់ជូនដល់ប្រជាពលរដ្ឋ នៅក្នុង ភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោមជាប្រចាំ តាមរយៈអង្គការ Happi Cams ប្រចាំនៅកម្ពុជា ។
លោក យុន លីនណេ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុងសម្ព័ន្ធមេត្រី ដែលតែងមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេល១៩ឆ្នាំមកនេះ ព្រមទាំងបានកសាងនូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា សំខាន់លើវិស័យអប់រំ សុខាភិបាល និង បរិស្ថាន។ ម៉្យាងទៀតក្នុងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ យើងបានកសាងនូវភូមិមិត្តភាព ព្រមទាំងសមទ្ធិផលមួយចំនួន មានផ្លូវថ្នល់ អគារសិក្សា ពីថ្នាក់បឋមសិក្ស និង អនុវិទ្យាល័យ ព្រមទាំងបានបញ្ចុះក្រុមគ្រូពេទ្យមកធ្វើការព្យាបាលជូនប្រជាពលរដ្ឋ និង ផ្តល់នូវជាស្បៀងអាហារ សម្លៀកបំពាក់ និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស និង សាងសង់បង្គន់អនាម័យជាដើម។
លោកក៏បានបញ្ជាក់ជូនដល់ប្រតិភូផងដែរថា ចំពោះការ រកតំបន់ទីតាំងក្នុងការអនុវត្តគម្រោងស៊ូវ៉ុនទី២ និង ការបញ្ជូនមន្ត្រីទៅធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំង ការជួសជុលអគារសិក្សា និង បញ្ហាកង្វះគ្រូបង្រៀននោះ លោកនឹងលើកយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើមី្បធ្វើការ ប្រជុំសម្រេចផងដែរ៕
ដោយ៖សហការី