ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប​ ជាមួយក្រុងសម្ព័ន្ធមេត្រីភាពស៊ូវ៉ុន

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​សៀមរាប​ នៅរសៀល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា​ លោក យុន លីនណេ អភិបាលរងខេត្ត តំណាងលោក​ ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីព្រឹកមិញនេះ​ បានជួបពិភាក្សាការងារជាមួយ មជ្ឈមណ្ឌលសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ស៊ូវ៉ុន នៃសាធារណារដ្ឋកូរ៉េ ដឹកនាំដោយលោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន ព្រមទាំងសហការីផងដែរ ។ 

នាឱកាសនោះ​ លោក Minbum Oh នាយកទីចាត់ការសម្រាប់គាំទ្ររដ្ឋបាលក្រុងស៊ូវ៉ុន បានឱ្យដឹងថា ទីក្រុងស៊ូវ៉ុន មានចំណងសម្ព័ន្ធមេត្រីភាពនឹងគ្នា ជាមួយខេត្តសៀមរាប អស់រយៈពេល១៩ឆ្នាំមកហើយ ព្រមទាំងបានកសាងនូវសមិទ្ធផលមួយចំនួន សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ការបង្កើតភូមិមិត្តភាព ស៊ូវ៉ុនភ្នំក្រោម និង បានកសាងអគារសិក្សាពីថ្នាក់បឋមដល់អនុវិទ្យាល័យនៅភូមិភ្នំក្រោមទៀតផង។ លោកក៏បានលើកផងដែរ អំពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងខេត្តក្រុងទាំងពីរ បានដំណើរការទៅដោយរលូន ។ 

ម៉្យាងទៀតដំណើររបស់ប្រតិភូនៃក្រុងស៊ូវ៉ុន ក្នុងកិច្ចពិភាក្សាពេលនេះ ដោយផ្តោតទៅលើទំនាក់ទំនងការងារគម្រោងរបស់ក្រុងស៊ូវ៉ុន មាន២គម្រោង បន្ទាប់ពីគម្រោងអភិវឌ្ឍន៍នៅភូមិ មិត្តភាពស៊ូវ៉ុនភ្នំក្រោម ក៏សូមឲ្យរដ្ឋបាលខេត្តសៀមរាប រកនូវទីតាំងតំបន់គម្រោងទី២ របស់ស៊ូវ៉ុន ដោយមិនឲ្យឆ្ងាយពីក្រុងសៀមរាបនោះឡើយ។ លោកក៏បានឲ្យដឹងទៀតថា គម្រោងនេះគឈទាក់ទងទៅនឹងវិស័យទេសចរណ៍ , អនាម័យ ,អប់រំ សុខាភិបាល និង វិស័យផ្សេងៗទៀតផងដែរ ។ 

លោក​ ក៏បានសុំឱ្យរដ្ឋបាលខេត្តសៀមរាប ធ្វើការជ្រើសរើសកំណត់ទីតាំង ដើមី្បក្រុមការងាររបស់ក្រុងស៊ូវ៉ុនចុះធ្វើការសិក្សាលម្អិតលើគម្រោង ព្រមទាំងធ្វើការជ្រើសរើសមន្ត្រីយកទៅបណ្តុះបណ្តាល នៅប្រទេសកូរ៉េ អំពីជំនាញបច្ចេកទេស ចំពោះលើការចំណាយគឺ ភាគីកូរ៉េ ជាអ្នកធានារ៉ាប់រងទាំងស្រុង ។ 

ក្នុងនោះដែរប្រតិភូនៃក្រុងស៊ូវ៉ុន​ ក៏បានគូសបញ្ជាក់ថា ទោះបីនៅលើពិភព លោក បានជួបនូវវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ចំពោះការទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុង ខេត្តទាំងពីរ ក៏នៅមានការទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានផ្តល់នូវសម្ភារៈ បរិក្ខា និង ស្បៀងអាហារ សម្លៀកបំពាក់ជូនដល់ប្រជាពលរដ្ឋ នៅក្នុង ភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោមជាប្រចាំ តាមរយៈអង្គការ Happi Cams ប្រចាំនៅកម្ពុជា ។ 

លោក យុន លីនណេ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ក្រុងសម្ព័ន្ធមេត្រី ដែលតែងមានទំនាក់ទំនងល្អនឹងគ្នាក្នុងរយៈពេល១៩ឆ្នាំមកនេះ ព្រមទាំងបានកសាងនូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា សំខាន់លើវិស័យអប់រំ សុខាភិបាល និង បរិស្ថាន។ ម៉្យាងទៀតក្នុងសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ យើងបានកសាងនូវភូមិមិត្តភាព ព្រមទាំងសមទ្ធិផលមួយចំនួន មានផ្លូវថ្នល់ អគារសិក្សា ពីថ្នាក់បឋមសិក្ស និង អនុវិទ្យាល័យ ព្រមទាំងបានបញ្ចុះក្រុមគ្រូពេទ្យមកធ្វើការព្យាបាលជូនប្រជាពលរដ្ឋ និង ផ្តល់នូវជាស្បៀងអាហារ សម្លៀកបំពាក់ និង សម្ភារៈសិក្សាដល់សិស្សានុសិស្ស និង សាងសង់បង្គន់អនាម័យជាដើម។ 

លោកក៏បានបញ្ជាក់ជូនដល់ប្រតិភូផងដែរថា ចំពោះការ រកតំបន់ទីតាំងក្នុងការអនុវត្តគម្រោងស៊ូវ៉ុនទី២ និង ការបញ្ជូនមន្ត្រីទៅធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ព្រមទាំង ការជួសជុលអគារសិក្សា និង បញ្ហាកង្វះគ្រូបង្រៀននោះ  លោកនឹងលើកយកទៅដាក់ជូនគណៈអភិបាលខេត្ត ដើមី្បធ្វើការ ប្រជុំសម្រេចផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖