ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបពីរគ្រឿងបេីកប៉ះបន្តិចបន្តួចអត់ចុះមកនិយាយគ្នាទេ បង្កការកកស្ទះចរាចរណ៍​ផ្អេីលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER បើកមកឈប់ភ្លើងស្តុបត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងទៀតបើកមកកៀរប៉ះគ្នាបន្តិចបន្តួចមិនព្រមចុះដោះស្រាយគ្នា​ទេ គឺនៅអង្គុយក្នុងរថយន្តរៀងៗខ្លួន បង្កឱ្យស្ទះចរាចរណ៍ដល់ពលរដ្ឋដែលកំពុងធ្វេីដំណេីរ​ កាលពីវេលាម៉ោង៩​ និង១០នាទីយប់​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន។

​      តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BQ-6666 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្ត្រីពីរនាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចខណៈបើកមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តចាំភ្លើងស្តុបស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកHILUX SRV VIGO ពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ រដ្ឋ16-0468 បើកបរដោយបុរសម្នាក់ស្របគ្នាមកពីក្រោយបានកៀររថយន្តRange Rovre  រងការខូចខាតបន្តិចបន្តួចទាំងពីរគ្រឿង ហើយខាងរថយន្តបង្កពាក់ស្លាកលេខ​ រដ្ឋ​ មិនព្រមចុះមកចរចាគ្នានោះទេគឺអង្គុយក្នុងរថយន្តធ្វើមិនដឹងធ្វើឱ្យផ្អើលដល់អ្នកសារព័ត៌មានចុះមកឡាយគ្រប់ៗគ្នា។ 

​     មួយសន្ទុះក្រោយមក​ ក៏មានវត្តមានសមត្ថកិច្ចចុះមកដល់ឱ្យភាគីទាំងពីរសម្របសម្រួលគ្នា​ តែខាងរថយន្តពាក់ស្លាកលេខរដ្ឋមិនព្រមចុះពីរថយន្តនោះទេគឺចាំឱ្យកូនមកដោះស្រាយ​។ ដោយភាគីរថយន្ត​ម៉ាកRANGE ROVER  មិនចង់វែងឆ្ងាយក៏បេីករថយន្តចេញទៅទាំងហ្មួហ្មង ទេីបរថយន្តពាក់ស្លាកលេខរដ្ឋបេីកចេញទៅតាមក្រោយ​ដែរ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖