ភ្នំពេញ ៖ ព្រះរាជសារ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA–43) ថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២
ក្នុងនាមប្រជានុរាស្ត្រកម្ពុជា ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ ពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញ មកដល់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាខ្ញុំ មានកិត្តិយសដ៏ធំធេងដោយមានឱកាស ដើម្បីថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នាពេលនេះ។ មូលបទ នៃមហាសន្និបាត ដែលបានជ្រើសរើស គឺ “បោះជំហានជាមួយគ្នាដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់- ពិតជាសមស្រប និងទាក់ទងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដែលតំបន់របស់យើងកំពុងជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួន។ សម្រាប់តំបន់អាស៊ាន ស្មារតីនៃ “ការរួបរួមគ្នា” តែងតែត្រូវបានកំណត់ជា លក្ខខណ្ឌ នៃកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ក្នុងរយៈពេលពីរ ទសវត្សរ៍ចុងក្រោយនេះ។ ក្រោមមូលដ្ឋាន នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរតំបន់ដ៏ រឹងមាំ សន្តិភាពដ៏មានតម្លៃរបស់អាស៊ាន បានបង្កើតឱកាសសេដ្ឋកិច្ចសង្គមយ៉ាងធំសម្បើមសម្រាប់ ប្រជាជនរបស់យើង។ យើងទាំងអស់គ្នាបានរំដោះប្រជាជនរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ។ យើង បានបង្កើតឱកាសការងារយ៉ាងជាក់ស្តែងដល់ស្ត្រី និងបន្តលើកកម្ពស់ការងាររបស់ពួកគាត់បន្ថែមទៀត នាពេលអនាគត។ យើងបានវិនិយោគលើការអប់រំប្រកបដោយគុណភាពសម្រាប់យុវជន។ យើងបាន ធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់ជរា។ យើងមានភ័ព្វសំណាង ដែលស្ថិត នៅក្នុងតំបន់ប្រកបដោយការរីកចម្រើន ដែលជាកន្លែងទាក់ទាញការវិនិយោគបរទេស ពាណិជ្ជកម្ម និង ទេសចរណ៍ ក្នុងគោលបំណងបង្កើតទ្រព្យសម្បត្តិ និងសម្រេចបាននូវវិបុលភាពបន្ថែមទៀតសម្រាប់ ប្រជាជនរបស់យើង។
ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែបន្តការពារ ថែរក្សាពួនជ្រុំនូវសន្តិភាព ដែលសម្រេចបាន ឲ្យគង់វង្សស្ថិតស្ថេរយូរអង្វែង។ សន្តិភាពអាចនឹងត្រូវបានបំផ្លាញនៅពេលណាមួយ ដោយសារបញ្ជ ប្រឈមជាប្រពៃណី ពីទីជិត ឬឆ្ងាយ ក៏ដូចជាការគំរាមកំហែងមិនមែនជាប្រពៃណីជាច្រើន ដែលអាច បង្កអស្ថិរភាពដល់សង្គមរបស់យើង។ ផលប៉ះពាល់ក្នុងរយៈពេលវែងដោយសារជំងឺរាតត្បាតកូវីដ-១៩នឹងបន្តជះឥទ្ធិពលលើសេដ្ឋកិច្ចរបស់យើងក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំ ឬជាច្រើនទសវត្សរ៍ទៅ ខាងមុខទៀត។ វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា មិនត្រឹមតែបង្កឲ្យមានហឹង្សានយោបាយ និង ជម្លោះប្រដាប់អាវុធផ្ទៃក្នុងឲ្យកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែនឹងធ្វើឱ្យប្រជាជន នៃប្រទេសនេះ បាត់បង់ នូវឱកាសសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនផងដែរ។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅទៀត វា អាចបំផ្លាញមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសហគមន៍អាស៊ាន ដែលយើងទាំងអស់គ្នាបានខិតខំកសាងរួមគ្ន នាពេលកន្លងមក។
ការកើនឡើងនូវភាពតានតឹង នៃការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច និងការគម្រាម កំហែងថ្មីៗ នៃការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរ គឺជាក្ដីបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់មនុស្ស ជាតិទាំងមូល។ ជាការពិតណាស់ យើងនៅតែដាក់ចេញនូវវិធានការដោះស្រាយជារៀងរាល់ថ្ងៃនូវវិបត្តិ បម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ដែលបានបំផ្លាញសន្តិសុខស្បៀងអាហារ និង ជីវភាពរស់នៅរបស់ប្រជាជនយើងនៅក្នុងតំបន់។
ប៉ុន្តែបញ្ហាដ៏ធ្ងន់ធ្ងរទាំងនេះ គឺពុំមានអ្វីដែលយើងពុំអាចដោះស្រាយបាននោះទេ យើងអាច ដោះស្រាយបញ្ហាទាំងនោះតាមរយៈការធ្វើការងាររួមគ្នាដោយប្រើប្រាស់នូវធនធានមនុស្ស និងបញ្ញ គតិបណ្ឌិត និងការជឿនលឿនផ្នែកបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ចំពោះបញ្ហាទាំងនោះ អាស៊ាន មានគោលការណ៍សំខាន់ៗ ដែលខ្លួនមានស្រាប់ក្នុងការដោះស្រាយ ដោយផ្អែកលើធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ មជ្ឈភាពរបស់អាស៊ាននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ អន្តរជាតិដោយឈរលើមូលដ្ឋានច្បាប់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រជាជនរបស់យើងទាំង នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។
ការជួបជុំគ្ននៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នាសប្ដាហ៍នេះ ពិតជាបានឆ្លុះបញ្ចាំងអំពី ស្មារតី នៃសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តក្នុងការជម្នះលើបញ្ហាប្រឈមនានា ដែលយើងកំពុង ជួបប្រទះនាពេលបច្ចុប្បន្ននេះ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ ដើម្បីសម្រេចបាននូវអនាគតមួយនេះ យើងត្រូវតែធានាថា កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ គឺត្រូវមានភាពស៊ីសង្វាក់គ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្នាទៅនឹងទស្សនាទាន នៃ “ចីរភាព បរិយាបន្ន និងភាពធន់” ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុង មូលបទ នៃអង្គមហាសន្និបាត។
យើងជួបជុំគ្នានៅក្នុងមហាសន្និបាតនាថ្ងៃនេះ ដោយសារយើងជឿជាក់ថា ទំនាក់ទំនងការទូត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរសភា ពិតជាមានសារៈសំខាន់ណាស់ ហើយយើងត្រូវបន្ត លើកកម្ពស់វាបន្ថែមទៀត ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរៀងៗខ្លួន ដើម្បីផ្ដល់ជាកម្លាំង រុញច្រានដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាព និងវិបុលភាពរយៈ ពេលយូរអង្វែងសម្រាប់សហគមន៍អាស៊ានទាំងមូលនាពេលអនាគត។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលបានសុខភាពល្អបរិបូណ៍ និងជោគជ័យគ្រប់ភារៈកិច្ច។ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមជូនពរដល់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ៕
ដោយ : សុខ ខេមរា