ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឌិត​ ទីណា ​៖​ កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់”​ អ្នកណាក៏នឹកដល់​ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ នៅរសៀល​ថ្ងៃ​ទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះយ៉ាងដូចនេះថា៖​ កាលណានិយាយអំពី “ពងទាកូនឆ្ងាញ់”​ អ្នកណាក៏នឹកដល់​ “ពងទាកូនស្រែរនោង” នៅខេត្តតាកែវយេីងដែរ។​ សូមកោតសរសើរបងប្អូនប្រជាពលរដ្ឋនៅឃុំស្រែរនោង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទាំង១៩ក្រុម​ ដែលរួមគ្នាផលិតពងទាកូនប្រកបដោយឱជារស។ 

ជាមួយគ្នានេះ ដើម្បីឱ្យពងទាកូនមានតម្លៃកាន់តែល្អ​ ព្រមទាំងមាន​ការពេញនិយមគាំទ្រពីអ្នកទទួលទានកាន់តែច្រេីនថែមទៀត​ សូមបងប្អូនបន្តរៀបចំញែកពងទាកូនតូច ល្មម​ និងធំ​ ឱ្យត្រូវទៅតាមចំណូលចិត្តរបស់អតិថិជន ព្រមទាំងយកចិត្តទុកដាក់លេីរបៀបស្ងោរពងទាកូន​ផងដែរ ។  

លោករដ្ឋមន្ត្រី​កសិកម្ម​ បានគូសបញ្ជាក់ថា​៖​ ខ្ញុំសូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំស្វែងយល់បន្ថែមពីតម្រូវការទីផ្សារ​ និងផលិតពងទាកូននៅក្នុងកម្រិតមួយដែលអាចរក្សាបាន​ ទាំងគុណភាព​ ទាំងតម្លៃ​ និងទាំងកេរ្តិ៍ឈ្មោះពងទាកូនឆ្ងាញ់ស្រែរនោងយេីង។

គួរបញ្ជាក់ផងដែរថា​ កាលពីព្រឹកមិញនេះ​ លោក​ ឌិត​ ទីណា​ ក៏សូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ​ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ​ លោករដ្ឋមន្រ្តី​ ក៏សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ​ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់​ ដេីម្បីកុំឱ្យផលិត​លើសពីតម្រូវការទីផ្សារ​នាំឱ្យតម្លៃធ្លាក់ចុះ។ 

សូមជម្រាបថា​ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ​ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិតនិងវិភាគអំពីការចំណាយ និងប្រាក់ចំណេញផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖