ព័ត៌មានទាន់ហេតុការណ៍៖

ក្រូអាត និងម៉ារ៉ុកត្រូវការត្រឹមស្មើប៉ុណ្ណោះដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ

ចែករំលែក៖

ការប្រកួតក្នុងពូល F វគ្គជម្រុះជុំចុងក្រោយនៅរាត្រីនេះនឹងធ្វើឡើងនៅវេលាម៉ោង១០យប់ទាំង២គូ ដោយក្រូអាតត្រូវប៉ះក្រុមបែលហ្ស៊ិក ខណៈដែលក្រុមម៉ារ៉ុកត្រូវប៉ះកាណាដា ដើម្បីស្វែងរក២ក្រុមដែលឈរលេខ១និងលេខ២ក្នុងពូលឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

ការប្រកួតនៅរាត្រីនេះគឺក្រូអាតប៉ះបែលហ្ស៊ិក គេមើលឃើញថា ក្រូអាតមានពិន្ទុច្រើនជាង ហើយកំពុងឈរលេខ១ក្នុងពូលមាន៤ពិន្ទុ រីឯបែលហ្ស៊ិកឈរលេខ៣មាន៣ពិន្ទុ។ ប្រសិនបើក្រូអាតទប់បានត្រឹមស្មើនឹងអាចឡើងទៅកាន់វគ្គ១៦ក្រុមមិនខាង ប៉ុន្តែបើភ្លាត់ស្នៀតនឹងបាត់បង់ឱកាសមិនខាន។

ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាងក្រូអាតនឹងបែលហ្ស៊ិកគឺក្រូអាតឈ្នះ៣លើក បែលហ្ស៊ិកឈ្នះ៣លើកដែរ និងស្មើគ្នា១លើក។ ប្រកួតចុងក្រោយបែលហ្ស៊ិកយកឈ្នះក្រូអាត១ទល់០ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០២១។

ចំណែកម៉ារ៉ុកប៉ះកាណាដាវិញគឺម៉ារ៉ុកកំពុងឈរលេខ២ក្នុងពូលមាន៤ពិន្ទុទៅហើយ ខណៈដែលកាណាដាឈរលេខ៤មិនទាន់ទទួលបានពិន្ទុនោះទេ ដោយកន្លងមកចាញ់ទាំង២ប្រកួត។ ជំនួបចុងក្រោយនេះម៉ារ៉ុកអាចនឹងមានប្រៀបជាងដោយសារក្រុមនេះអាចទប់ត្រឹមស្មើក៏មានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមដែរ ប្រសិនបើក្រូអាតស្មើជាមួយបែលហ្ស៊ិក។

ប្រវត្តិជួបគ្នាលើកចុងក្រោយ១ប្រកួតគឺម៉ារ៉ុកឈ្នះកាណាដាក្នុងលទ្ធផល៤ទល់០ ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ។

ការប៉ះគ្នាចុងក្រោយនេះរវាងក្រុមនៅក្នុងពូល F ដើម្បីស្វែងរក២ក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយក្រុមដែលឈរលេខ១ក្នុងពូល F នឹងត្រូវប៉ះក្រុមលេខ២ក្នុងពូល E ហើយក្រុមលេខ២ក្នុងពូល F នឹងត្រូវប៉ះក្រុមលេខ១ក្នុងពូល E ដែលនឹងត្រូវប្រកួតនៅសប្តាហ៍ក្រោយបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖