ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសេនានុព័ន្ធអង់គ្លេសចូលជួបណែនាំខ្លួន និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ បន្ទាប់ពីបានចូលកាន់មុខតំណែងកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះការតែងតាំងសេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ  ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។ ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជាក្នុងដំណាក់កាលស្វែងរកសន្តិភាពនាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។

ជាការឆ្លើយតប លោកសេនានុព័ន្ធអង់គ្លេស បានសម្តែងនូវក្តីរីករាយប្រកបដោយកិត្តិយស ដែលទទួលបានការតែងតាំងឱ្យបំពេញការងារការទូតយោធានៅកម្ពុជា ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា ជាមួយនឹងបទពិសោធន៍ការងារជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យបានជិតស្និទ្ធ និងមានចីរភាពទៅមុខ។

#Hunmanet #Cambodia ៕

ដោយ : សហការី


ចែករំលែក៖