ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo ត្រូវបានផ្តល់កិច្ចសន្យា២០០លានអឺរ៉ូក្នុង១ឆ្នាំដើម្បីលេងនៅក្លិបអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

តារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាត្រូវបានផ្តល់កិច្ចសន្យាដោយក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ដែលនឹងធ្វើឱ្យគាត់រកបានជិត២០០លានអឺរ៉ូ (២០៩លានដុល្លារ) ក្នុងមួយឆ្នាំ។

តាមការចេញផ្សាយរបស់សារព័ត៌មាន Guardian បានឲ្យដឹងថា Ronaldo បានទទួលសំណើផ្លូវការពីក្លិបសម្រាប់កិច្ចព្រមព្រៀងដែលនឹងដំណើរការរហូតដល់ឆ្នាំ២០២៥។ សារព័ត៌មានដដែលផ្សាយថា មួយផ្នែកធំនៃប្រាក់ដែលពាក់ព័ន្ធនឹងត្រូវដាក់ដោយអ្នកឧបត្ថម្ភ ដែលមានន័យថាម្ចាស់ក្រុមហ៊ុនឧបត្ថម្ភអាចនឹងរកចំណូលបានច្រើនដែរនៅក្នុងការផ្លាស់ប្តូរនេះ។

សេចក្តីរាយការណ៍បានផ្សាយថា គ្មានអ្វីត្រូវបានព្រមព្រៀងគ្នានោះទេ ដោយ Ronaldo ផ្តោតលើការប្រកួត World Cup នៅប្រទេសកាតា ហើយអាចនឹងមានដំណឹងល្អក្រោយពេលព្រឹត្តិការណ៍នេះចប់។

ប្រភពបានប្រាប់ ESPN ថា ក្លិប Al-Nassr នឹងសុខចិត្តផ្តល់សំណងដល់ Ronaldo សម្រាប់ប្រាក់ឈ្នួលដែលគាត់នឹងទទួលបានក្នុងអំឡុងពេល៦ខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Manchester United។ Ronaldo និង Man United បានចែកផ្លូវគ្នាដោយការព្រមព្រៀងគ្នានៅថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់ពីបទសម្ភាសន៍ដ៏ផ្ទុះរបស់គាត់ជាមួយលោក Piers Morgan ក្នុងកម្មវិធី TalkTV កន្លងទៅ។

ក្នុង​ពេល​សម្ភាសន៍ គាត់​បាន​និយាយ​ថា ក្លិប​បាន​ក្បត់​គាត់ ហើយ​គាត់​ត្រូវ​បាន​គេ​បង្ខំ​ចេញ។ គាត់​ក៏​បាន​និយាយ​ដែរ​ថា​គាត់​មិន​គោរព​អ្នក​ចាត់ការលោក Erik ten Hag របស់ United ទេ។

មានមូលដ្ឋាននៅក្នុងរដ្ឋធានី Riyadh របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លិបAl-Nassr លេងនៅក្នុងលីក Saudi Pro League ដែលពួកគេបានឈ្នះចុងក្រោយក្នុងរដូវកាល២០១៨-២០១៩។ បច្ចុប្បន្ន​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​លីក​បន្ទាប់​ពី​ប្រកួត​បាន​៨​ប្រកួត។ ក្រុមព័រទុយហ្គាល់របស់ Ronaldo បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចហើយក្នុងពូល Gនិងត្រូវប៉ះក្រុមកូរ៉េខាងត្បូងក្នុងការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះតាមពូលនៅ World Cup រាត្រីនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖