ព័ត៌មានទាន់ហេតុការណ៍៖

ការរក្សាទុកដាក់ហឹបវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមរដ្ឋបាលសាលាស្រុក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់អោយដឹងថា, ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២ ត្រូវបានដឹកជញ្ជូនពីរដ្ឋបាលសាលារាជធានី-ខេត្តទៅរក្សាទុកនៅតាមសាលាស្រុកនីមួយៗប្រកបដោយសុវត្ថិភាពហើយ។

ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអាជ្ញាធរដែនដីដែលពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡង ដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមជម្រាបថា  វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាជាសន្លឹកក្រដាសចែកជូនបេក្ខជន។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ 

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕ 


ដោយ : សិលា


ចែករំលែក៖