ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ព័ត៌មានបឋម ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ គណៈដែលបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋបាលខេត្តបានឱ្យដឹងទៀតថា បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអគារក្រុមហ៊ុននេះ បានរកឃើញអ្នកប្តឹងចំនួន៥នាក់ជាជនជាតិចិន ដែលមានដូចនៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។
ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ ក្នុងបណ្តឹងនៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរទីតាំងខាងលើនេះ គឺបានរកឃើញមានជនបរទេសចំនួន២២៣នាក់ ក្នុងនោះមានស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
សូមបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច។ដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕
ដោយ៖សហការី