ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកជាបណ្ដោះអាសន្នទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤-០៦ ខែធ្នូ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា, យោងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់នៅក្នុងរាជធានី ភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ រយៈពេលចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ដើម្បីចូលរួមចំណែកឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយ សាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣០មណ្ឌល នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡងដូច ខាងក្រោម៖

១- ផ្អាកជាបណ្ដោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អុីនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២

២- ផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន….ដែលស្ថិតនៅកៀក បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ៣-ចំពោះទីតាំងអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេងរំខានដែល ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ ដោយអនុគ្រោះ ហើយផុតរយៈពេលនេះបងប្អូនអាជីវករ អាចបើកប្រកបអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរជំនាញពាក់ព័ន្ធ និងបងប្អូនអាជីវករទាំងអស់ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕

ដោយ : សិលា


ចែករំលែក៖