ព័ត៌មានទាន់ហេតុការណ៍៖

សីតុណ្ហភាពធ្លាក់ចុះខ្លាំងនៅអឺរ៉ុបធ្វើឱ្យតម្លៃឧស្ម័នឡើងថ្លៃខ្ពស់

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ការធ្លាក់ចុះសីតុណ្ហភាពនៅអឺរ៉ុបបានធ្វើឱ្យតម្លៃឧស្ម័នធម្មជាតិរាវ (LNG) កើនឡើងយ៉ាងខ្លាំង។
សារព័ត៌មាន Bloomberg បានផ្សាយថា “សីតុណ្ហភាពនៅទូទាំងទ្វីបអឺរ៉ុបទំនងជាធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែនេះ បន្ទាប់ពីខែវិច្ឆិកាដែលក្តៅគួរសម។ ទន្ទឹមនឹងនោះ ការកើនឡើងនៃតម្រូវការសម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនឹងសាកល្បងបណ្តាញថាមពលដែលខ្វះខាតនៅក្នុងតំបន់” ។
អ្នកព្យាករណ៍អាកាសធាតុបានព្យាករណ៍ថា អាកាសធាតុត្រជាក់ជាងមធ្យមនៅទូទាំងទ្វីបអឺរ៉ុប ខ្យល់ត្រជាក់នឹងបក់ចេញពីប៉ូលខាងជើងយ៉ាងហោចណាស់នៅពាក់កណ្តាលដំបូងនៃខែធ្នូ។ អាកាសធាតុធ្លាក់ត្រជាក់ ពលរដ្ឋប្រើប្រាស់ឧស្ម័នច្រើនដើម្បីដុតកម្តៅ ធ្វើឲ្យតម្លៃ ឧស្ម័ននៅអឺរ៉ុបគឺខ្ពស់ជាងធម្មតា៤ ដងសម្រាប់ពេលវេលានៃឆ្នាំនេះ ដែលធ្វើឲ្យឧស្សាហកម្ម និងគ្រួសារជាច្រើនប្រឈមនឹងការចំណាយកើនឡើងខ្ពស់ប្រចាំថ្ងៃ។
វាមិនត្រឹមតែត្រជាក់នៅអឺរ៉ុបប៉ុណ្ណោះទេ សីតុណ្ហភាពក៏ធ្លាក់ចុះដល់ -47°C នៅម៉ុងហ្គោលីផងដែរ។ អាកាសធាតុត្រជាក់នៅអាស៊ី និងអឺរ៉ុបអាចបង្កើនការប្រកួតប្រជែងសម្រាប់ឧស្ម័នហ្គាសធម្មជាតិ នៅពេលដែលប្រទេសនានាស្វែងរកការជំនួសផ្នែកនៃលំហូរឧស្ម័នរបស់រុស្ស៊ី។

អ្នកព្យាករណ៍អាកាសធាតុអាល្លឺម៉ង់ Deutscher Wetterdienst ព្យាករថាប្រទេសនេះអាចប្រឈមនឹងបញ្ហាយ៉ាងខ្លាំងបន្ទាប់ពីអាកាសធាតុត្រជាក់កាន់តែកើនឡើងខ្ពស់ ។ យោងតាមអ្នកព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា រដូវរងាត្រជាក់ជាងធម្មតាត្រូវបានព្យាករណ៍សម្រាប់ចក្រភពអង់គ្លេសជាមួយនឹងសីតុណ្ហភាពទាបតាមរដូវ បើទោះជាភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងទំនងជាតិចជាងធម្មតាក្នុងខែតុលាដល់ខែធ្នូក៏ដោយ។
តាមសារព័ត៌មាន Bloomberg អឺរ៉ុបបានចំណាយប្រាក់រហូតដល់ទៅ១២,៥ពាន់លានអឺរ៉ូ ទិញថាមពលពីរុស្ស៊ី ចាប់ពីខែមករាដល់ខែកញ្ញា គឺកើនឡើងខ្ពស់ជាង៥ដងបើប្រៀបធៀបនឹងឆ្នាំមុន។ នៅមុនពេលរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ថាមពលធំជាងគេនៅក្នុងតំបន់អឺរ៉ុប ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TTXVN-VNA

រូបថត៖ AP


ចែករំលែក៖