ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់នៅយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមូលដា្ឋនសុខាភិបាលឯកជន ។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ដើម្បីបន្តពង្រឹង ការងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សុខាភិបាល និងត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈសុខាភិបាលនីមួយៗ និងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យ សុខាភិបាលឱ្យបានហ្មត់ចត់ ក្រសួងតែងតែធ្វើការណែនាំ ក្រើនរំលឹក និងបានចេញសេចក្ដីណែនាំជាបន្តបន្ទាប់ជូនដល់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ មានដូចជា ក្នុងពេលថ្មីៗនេះ មានចេញផ្សាយនូវសេចក្ដីណែនាំស្តីពីការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ព្រមទាំងការផ្សព្វផ្សាយពីច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន ជាពិសេសច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងច្បាប់ស្តីពីការរំលូតកូន ជាដើម។ លើសពីនេះ គណៈវិជ្ជាជីវៈវិស័យសុខាភិបាល មានដូចជា គណៈគ្រូពេទ្យ គណៈឆ្មប គណៈឱសថការី គណៈទន្តពេទ្យ និងគណៈគិលានុ- បដ្ឋាក បាននិងកំពុងធ្វើកិច្ចការពង្រឹងការអនុវត្ត និងការប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលទៅតាមជំនាញរៀងៗខ្លួន។
ដោយសង្កេតឃើញថា ការគ្រប់គ្រងនិងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជនមួយចំនួនតូច មានលេចចេញជាបាតុភាពជាបន្តបន្ទាប់ ក្រសួងសុខាភិបាលសូមធ្វើការណែនាំក្រើនរំលឹកដល់អ្នកគ្រប់គ្រង និងអ្នកបកប វិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់សារជាថ្មីម្តងទៀតថា មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ មានដូចជា បន្ទប់- ពិគ្រោះថែទាំជំងឺ មន្ទីរព្យាបាលជំងឺ ជាពិសេស មន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី។ល។ ចាំបាច់ត្រូវខិតខំគ្រប់គ្រង ដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល ត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។ អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬមានការធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយ បន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ និងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែង នៅក្នុងច្បាប់ទាំងនោះ។ ដើម្បីជាការក្រើនរំលឹកនូវច្បាប់សំខាន់ៗ សម្រាប់ការចូលរួមអនុវត្តការគ្រប់គ្រង និងផ្តល់សេវាសុខា ភិបាលឱ្យបានល្អប្រសើរ ក្រសួងសូមភ្ជាប់ជូនមកជាមួយនូវ៖
១. ច្បាប់ស្តីពីការរំលូតកូន ចំនួន ៨ទំព័រ
២. ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ចំនួន ១១ទំព័រ។
ក្រសួងសូមណែនាំ និងជំរុញបន្ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី- ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យការងារផ្តល់សេវាសុខាភិបាលឯកជន ក៏ដូចជាមានការពង្រឹងបន្ថែមទៀតនូវ ការចេញអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាតនានាពាក់ព័ន្ធទៅនឹងសេវាសុខាភិបាលឯកជន នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យ បានកាន់តែល្អប្រសើរឡើង ដើម្បីសុខភាព និងសុខុមាលភាពប្រជាជនយើង។
សម្រាប់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ សូមអញ្ជើញទៅពិនិត្យ និងពិគ្រោះជំងឺនៅតាមមូលដ្ឋាន សុខាភិបាលដែលមានជំនាញ និងបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងហេតុការណ៍ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា មន្ត្រីសុខាភិបាលទាំងអស់ ត្រូវអនុវត្តឲ្យបានយ៉ាងត្រឹមត្រូវនូវក្រមសីល ធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនឲ្យ កាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីសុខាភិបាល និងគោរពឲ្យ បានខ្ជាប់ខ្ជួននូវសិទ្ធិ និងកាតព្វកិច្ចចំពោះអ្នកផ្តល់សេវា និងអ្នកទទួលសេវា៕
ដោយ : សុខ ខេមរា