ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២ នេះ លោកញ៉ែម សារី និង លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង បានចូលរួមជា អធិបតី ក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២០២១-២០២២ នៅមណ្ឌល វិទ្យាល័យព្រះរាជបូជនីយកិច្ច និងមណ្ឌល ករុកោសល្យភូមិភាគស្ទឹងត្រែង ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អភិបាលរងខេត្ត បានគូសបញ្ជាក់ថា «ឆ្នាំនេះ ការប្រឡង មានសភាពហ្មត់ចត់ និងមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយរំពឹងថាទទួលបានគុណភាពល្អប្រសើរ ព្រោះដោយសារមានការចូលរួម ពីគ្រប់អង្គភាព មានសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងសមាគម និងអង្គការសង្គមស៊ីវិល ជាអ្នកសង្កេតការណ៍»។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកបានជូនពរបេក្ខជនទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។
សូមរំលឹកថា ការប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ ចាប់ផ្ដើមដំណើរការសម័យប្រឡង រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនប្រឡង សម្រាប់ខេត្តស្ទឹងត្រែង មានបេក្ខជនមកពីបណ្តាលក្រុង-ស្រុកទាំង៦ ចូលរួមប្រឡង សរុបមានចំនួន.៨៨១ នាក់ នឹង បែងចែកជា ៣៧បន្ទប់ ស្មើនឹង០២មណ្ឌលប្រឡង។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូខាងមុខ។ ដោយឡែកបណ្ដាខេត្តផ្សេងៗទៀត នឹងប្រកាស នាថ្ងៃទី២៨ ខែធ្នូ ព្រមទាំងមានការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំផងដែរ ៕
ដោយ៖មាស សុផាត