ព័ត៌មានទាន់ហេតុការណ៍៖

វិវាទរវាងឪពុកបង្កើតនិងកូនស្រីដែលមានរយៈពេលជាង១៦ឆ្នាំបានដោះស្រាយចប់ឈរលើគោលការណ៍ឈ្នះ-ឈ្នះ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា, កាលពីម្សិលថ្ងៃទី ៧ ធ្នូ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការដែលមានរយៈពេលជាង១៦ឆ្នាំមកនេះ រវាងលោកតា សំ រ៉ុង អាយុ៩៥ និងកូនស្រីបង្កើត អាយុ ៦៥ឆ្នាំ ។ ករណីវិវាទរវាងឪពុកនិងកូននេះគឺកើតឡើងតាំងពីឆ្នំា ២០០៦។ កាលពីថ្ងៃទី ១២ ខែ តុលា ២០២១ លោកតា សំ រ៉ុង បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តីសុំជួយផ្តល់យុត្តិធម៌។

លោក ដួង តារា បន្តថា, ខ្ញុំក្នុងនាមជំនួយការសម្តេចតេជោ និងក្រុមការងារអ្នកច្បាប់ បានជួយពិនិត្យឯកសារលោកតា សំ រ៉ុង រួមទាំងបានជួយផ្តល់មេធាវីការពារក្តីជូនលោកតាទៀតផង ដែលកន្លងទៅនេះសាលាឧទ្ធរណ៍បានផ្តល់យុត្តិធម៌ជូនលោកតារួចហើយ។ ដោយសារមិនចង់ចំណាយពេលវេលាយូរច្រើនថែមទៀត និងមិនចង់ចំណាយថវិកាកាន់ច្រើនទៅៗ ទើបគូភាគីបានស្នើសុំខ្ញុំអោយជួយសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ។ 

លោកបន្តថា, កាលពីថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២២ ម្សិលមិញ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃនេះទាំងស្រុង ដោយភាគីកូនស្រីបានស្ម័គ្រចិត្តយល់ព្រមបង់ប្រាក់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ជូនឪពុកសម្រាប់ជីវិតចុងក្រោយ។ ក្នុងថ្ងៃផ្តិតមេដៃសះជាបញ្ចប់វិវាទនេះ ភាគីកូនស្រីបានបង់ប្រាក់ $20,000 (ពីរម៉ឺនដុល្លារ) ជូនឪពុក នៅ ៤៥ថ្ងៃទៀតនឹងកូនស្រីនឹងបង់ $20,000 ជូនលោកតាបញ្ចប់។ 

លោក ដួង តារា បានលើកឡើងថា, ខ្ញុំសូមអរគុណដល់គូភាគីទាំងពីរឪពុកនិងកូនស្រីបង្កើត ព្រមទាំងមេធាវីដែលបានគាំទ្រសម្រេចជ្រើសរើសយកដំណោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះ-ឈ្នះ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់នូវភាពយុត្តិធម៍និងជាម្លប់ដ៏កក់ក្តៅដល់ពលរដ្ឋខ្មែរទូទាំងប្រទេស។

យើងរួមគ្នាកសាងអំពើល្អដោយចិត្តជ្រះថ្លានៅក្នុងសង្គមជាតិដើម្បីសេចក្តីសុខរបស់យើងទាំងអស់គ្នា៕

ដោយ : សិលា


ចែករំលែក៖