ព័ត៌មានទាន់ហេតុការណ៍៖

ឃ្លាំងស្តុកអាវុធរបស់សហភាពអឺរ៉ុប «ជិតអស់» ដោយសារតែផ្តល់ជូនអ៊ុយក្រែន

ចែករំលែក៖

តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ឃ្លាំងស្តុកអាវុធយោធារបស់សមាជិកសហភាពអឺរ៉ុបបានធ្លាក់ចុះដោយសារតែការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។

យោងតាមតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបដែលទទួលបន្ទុកផ្នែកសន្តិសុខ និងគោលនយោបាយការបរទេសលោក Josep Borrell បានលើកឡើងថា សមាជិកសហភាពអឺរ៉ុបត្រូវតែចំណាយធនធានបន្ថែមទៀតចូលទៅក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ដើម្បីធានាឱ្យមានលំហូរនៃសព្វាវុធបន្តទៅកាន់អ៊ុយក្រែន។

លោក Josep Borrell បាននិយាយថា “យើងបានផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះយើងដឹងថា ឃ្លាំងផ្ទុកយោធារបស់យើងបានអស់ហើយ”។
លោក Josep Borrell បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នគឺជា “ការដាស់តឿនសម្រាប់រដ្ឋសមាជិកសហភាពអឺរ៉ុបទាំងអស់អំពីសមត្ថភាពយោធារបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបក៏បានសរសើរផងដែរចំពោះការណ៍ពិតដែលថាការចំណាយរបស់សហភាពអឺរ៉ុបលើវិស័យការពារជាតិបានលើសពី ២០០ពាន់លានអឺរ៉ូជាលើកដំបូង។
យោងតាមលោក Josep Borrell ប្រទេសជាសមាជិកសហភាពអឺរ៉ុបកំពុងខិតទៅជិតស្តង់ដារ NATO នៃការចំណាយយោធានៅ ២% នៃផលិតផលក្នុងស្រុកសរុប ខណៈដែលមកទល់ពេលនេះទីភ្នាក់ងារការពារអឺរ៉ុបបានវិនិយោគលើវិស័យការពារជាតិដែលមានចំនួនកំណត់ត្រា ៥២ពាន់លានអឺរ៉ូ។
យោងតាមស្ថិតិដែលប្រមូលបានដោយវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក គិតត្រឹមខែមុន សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ជំនួយយោធាជាង១១ ពាន់លានដុល្លារដល់អ៊ុយក្រែនក្នុងឆ្នាំ 2022 ដោយចក្រភពអង់គ្លេស និងកាណាដាផ្តល់ច្រើនជាង ៥,៥ ពាន់លានដុល្លារ ខណៈដែល អាមេរិកបានបូមកញ្ចប់ជំនួយយោធាសរុបយ៉ាងតិច ២២,៨ ពាន់លានដុល្លារ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz បានសន្យាថានឹងបន្តផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងកៀវ “ដរាបណាចាំបាច់”។
ទីក្រុងមូស្គូបានព្រមានលោកខាងលិចជាយូរមកហើយប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅកាន់ទីក្រុងកៀវ ដោយនិយាយថា វាគ្រាន់តែអូសបន្លាយការប្រយុទ្ធ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី នឹងអង្គការណាតូ ហើយធ្វើឱ្យលោកខាងលិចក្ក្លាយជាអ្នកចូលរួមក្នុងសង្គ្រាមដោយផ្ទាល់៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖