ព័ត៌មានទាន់ហេតុការណ៍៖

ដល់ម៉ោងទណ្ឌិត សម រង្ស៊ី បង្កើតចេតនាវង្វេងបន្លំ ! តើ សម រង្ស៊ី ច្រឡំ ឬលួចបន្លំអំពី រឿង«អាស៊ាន»?

ចែករំលែក៖

ភ្នំពេញ៖ ចឹងបានមានសុភាសិតខ្មែរមានពាក្យមួយថា «សម្ដីសជាតិ មាយាទសពូជ» ហើយក៏មានពាក្យមួយផងដែរដែលគេតែងនិយាយលេងថា «បើអ្នកមិននិយាយខ្ញុំមិនដឹងថាអ្នកល្ងង់បែបនេះសោះ»។ ភាសាទាំងពីនេះអាចនិយាយត្រូវចំពោះទណ្ឌិត សម រង្ស៊ី នៅពេលនេះ ក្រោយពីបានចោទថា សម្ដេចតេជោ ហ៊ុន សែន បានបោកបញ្ឆោតប្រធានាធិបតីបារាំងថាសម្ដេចគឺជាប្រធានអាស៊ាន។ 

ទណ្ឌិត សម រង្ស៊ី ចូលដល់ដំណាក់កាល បែកៗ កាន់តែក្មេងសេចក្តី ខណៈខ្លួនជាអ្នកនយោបាយជិតអស់ម៉ោងទៅហើយនោះ ! 

សូមបញ្ជាក់ថា, សម រង្ស៊ី បានសរសេរនៅលើហ្វេសបុកផេករបស់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ថា៖ «ហ៊ុន សែន លួចប្រើឈ្មោះថាខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួន ជាផ្លូវការ នៅថ្ងៃ ១៣ ធ្នូ ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទេ ដែលជាប្រធានអាស៊ាន បច្ចុប្បន្ន»។

វាជារឿងសោកស្ដាយមួយដែលមនុស្សកើតមកអាយុជាង៧០ឆ្នាំទៅហើយ ថែមទាំងចង់ដឹកនាំរដ្ឋទៀត ប៉ុន្តែបែរជាមិនដឹងពីរបៀបដឹកនាំអាស៊ាន និងការប្ដូរវេននៃប្រធានអាស៊ានពីមួយឆ្នាំទៅមួយឆ្នាំទៅវិញ។ ល្ងង់អី ក៏ល្ងង់យ៉ាងនេះ ? 

ធម្មនុញ្ញអាស៊ានមាត្រា៣១ អំពីប្រធានអាស៊ានបានចែងថា៖ «ប្រធានរបស់អាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក។ សម្រាប់រយៈពេលពេញមួយឆ្នាំ អាស៊ានត្រូវមានប្រធានតែមួយ»។

អ្នកនាំពាក្យប្រធានអាស៊ានឆ្នាំ២០២២ និងធ្លាប់ជាអគ្គលេខាធិការរងអាស៊ាន លោក គង់ ភោគ បានឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន ដោយបានបញ្ជាក់ថា៖ «ប្រធានអាស៊ានចាប់ផ្ដើមអាណត្តិនៅថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១និង៥៩ យប់ រៀងរាល់ឆ្នាំ»។

ការលើកឡើងរបស់ សម រង្ស៊ី មិនត្រឹមតែបង្ហាញអំពីចំណេះដឹងខ្សត់ខ្សោយពីអាស៊ានរបស់លោកនោះទេ ថែមទាំងមើលងាយដល់ប្រធានាធិបតីប្រទេសបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង និងប្រធានសហភាពអឺរ៉ុបផងដែរ។

តើបារាំងដែលជាប្រទេសមហាអំណាចមួយ មានអ្នកចេះដឹងច្រើន បែរជាត្រូវចាញ់បោកនាយករដ្ឋមន្ត្រីកម្ពុជាមែន ?

ស្ថានទូតបារាំងបានប្រកាសក្នុងគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រធានាធិបតីបារាំងលោក អេម៉ាញ៉ូអែល ម៉ាក្រុង បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា«ប្រធានអាស៊ានក្នុងពេលពិសារអាហារការងារនៅវិមានលីយ៉ុងសេផាឡេស នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២»។

ស្ថានទូតបារាំងបានបញ្ជាក់ផងដែរថា៖ «កិច្ចជំនួបនេះបានធ្វើឡើងមុនមួយថ្ងៃនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-អាស៊ាន ខណៈដែលកម្ពុជាបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃអង្គការតំបន់អាស៊ី (អាស៊ាន)»។

ចំណុចនេះបារាំងបានបញ្ជាក់ដល់ទៅ២ដងថា សម្ដេចតេជោ ហ៊ុន សែន គឺជាប្រធានអាស៊ាន ហើយប្រធានអាស៊ាននេះហើយដែលបានជជែក និងពិសារអាហារពេលល្ងាចជាមួយប្រធានាធិបតីរបស់ខ្លួន។

ក្រៅពីប្រធានាធិបតីបារាំងប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen ក៏បានថ្លែងគារវកិច្ចនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ននៅក្នុងសន្ទុរកថាលោកស្រីក្នុងឱកាសបើកកិច្ចប្រជុំ EU-ASEAN នៅចំពោះមុខមេដឹកនាំអាស៊ានទាំងអស់និងបានថ្លែងអំណរគុណចំឈ្មោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំអាស៊ានដោយជោគជ័យក្នុងឆ្នាំនេះ ហើយលោកស្រី von der Leyen បន្តថានឹងរង់ចាំធ្វើការងារជាមួយនឹងប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៣ខាងមុខ។

ពិតមែនតែប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៣ គឺលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែមិនមែនមានន័យថាសម្ដេចតេជោត្រូវបានផុតអាណត្តិជាប្រធានអាស៊ាននៅថ្ងៃនោះទេ។ ការប្រគល់នោះគឺគ្រាន់តែតំណាងដើម្បីឱ្យមេដឹកនាំពិភពលោកឃើញជាសាក្សីថាឆ្នាំក្រោយឆ្នាំ២០២៣ គឺអាស៊ាននឹងត្រូវបានដឹកនាំដោយប្រទេសឥណ្ឌូណេស៊ី។

ធម្មតាមនុស្សតែងមានសម្អប់ តែបើសម្អប់របស់អ្នកនាំអ្នកដទៃឱ្យល្ងង់តាមអ្នក សូមកុំធ្វើ។ ក្នុងនាមជាមេដឹកនាំគួរតែនាំពលរដ្ឋចេះគិតត្រិះរឹះពិចារណា មានអំណះអំណាង មានហេតុផលត្រឹមត្រូវក្នុងការចោទប្រកាន់។

ការបញ្ចេញរឿងមិនពិត លាបព័ណ៌អ្នកដទៃ ភូតកុហកពលរដ្ឋខ្លួន បានអ្វីមកវិញគឺការបាត់បង់ការគោរព ប្រជាប្រិយ៍ភាព ហើយតម្លៃរបស់ខ្លួនកាន់តែចុះទាបតាមនោះដែរ។

វាជារឿងដែលអស់សំណើចដែលមេដឹកនាំពិភពលោកជាច្រើនរួមទាំងប្រទេសមហាអំណាចនោះត្រូវបានមេដឹកនាំប្រទេសតូចមួយនៅតំបន់អាស៊ានអាចបោក តើឱ្យជឿបាននោះទេ? 

ទណ្ឌិត សម រង្ស៊ី ត្រូវដឹងថា, «ប្រធានអាស៊ានចាប់ផ្ដើមអាណត្តិនៅថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ វេលាម៉ោង១១និង៥៩ យប់ រៀងរាល់ឆ្នាំ»។ កុំល្ងង់ដល់ថ្នាក់ហ្នឹងពេក ចាស់ហើយ រៀនសន្សំបុណ្យផង ជៀសវាងបង្កើតតែ គំនិតទុច្ចរិត៕ 

ដោយ : សហការី


ចែករំលែក៖