ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។

ការផ្ដាំផ្ញើបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០២២ ក្នុងឱកាសលោក ស៊ូ ម៉ុល ជួបសំណេះសំណាលនិងធ្វើវេទិកានិយាយការពិតជាមួយប្រជាពលរដ្ឋ  ចំនួន៥ភូមិមានដូចជា៖ ភូមិត្រពាំងស្លា ភូមិត្រពាំងស្វាយ ភូមិត្រពាំងធ្លក ភូមិត្រពាំងធំ និងភូមិព្រិច ស្ថិត នៅឃុំដូង ស្រុករមាសហែក ដោយមានការចូលរួមពីសំណាក់លោកស្រី  អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក អធិការនគរបាលស្រុកលោកមេឃុំ ក្រុមប្រឹក្សាឃុំ  ប៉ុស្តិ៍រដ្ឋបាលឃុំ និង ប្រជាពលរដ្ឋ សរុបចំនួន ២១៦នាក់  ស្រី១១៧នាក់។

លោក ស៊ូ ម៉ុល បានផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់ លោក សៅសុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុករមាសហែកដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះពិសេសក្រោមការដឹកនាំរបស់លោក បានធ្វើអោយស្រុក មានការអភិវឌ្ឍន៏និងរីកចម្រើនលើគ្រប់វិស័យក៏ដូចជា សមិទ្ធិផលនានាជាច្រើនទៀត ដោយឡែកក្នុងឃុំដូងមាន  ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយឃុំ  និងក្រុមការងារ បានកសាងសមិទ្ធផលនានា ជាច្រើន ទាំងវិស័យពុទ្ធចក្រក៏ដូចជាអាណាចក្រផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានបង្ហាញសមិទ្ធផលនៃការអនុវត្តគម្រោងនានា ដែលរដ្ឋបាលស្រុក និងឃុំបានអនុវត្តនៅក្នុងឆ្នាំ២០២២ និងផែនការអភិវឌ្ឍន៍គម្រោងបន្ត នៅឆ្នាំ២០២៣ ជូនប្រជាពលរដ្ឋ និងបានបើកឲ្យប្រជាពលរដ្ឋបង្ហាញនៅទុក្ខកង្វល់ ព្រមទាំងទទួលយកសំណូមពរ និងដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងនាពេលនេះ ជាពិសេសលោកតា លោកយាយ ពុកម៉ែ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ឲ្យបានគ្រប់ៗគ្នា។

បន្ទាប់មក លោកសំ សំអុល អធិការនគរបាលស្រុក បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច និងផ្សព្វផ្សាយការធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាពដល់ប្រជាពលរដ្ឋផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖