ព័ត៌មានទាន់ហេតុការណ៍៖

ក្រូអាតប៉ះម៉ារ៉ុកម្តងទៀតក្នុងជំនួបដណ្តើមយកចំណាត់ថ្នាក់លេខ៣នៅ World Cup 2022

ចែករំលែក៖

ការប្រកួត World Cup ឆ្នាំ២០២២ នៅកាតាបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមាន២ក្រុមដែលត្រូវប៉ះគ្នាដណ្តើមយកជើងឯកគឺបារាំង និងអាហ្សង់ទីន។ ចំណែក២ក្រុមទៀតគឺក្រូអាត និងម៉ារ៉ុកត្រូវប៉ះគ្នានៅម៉ោង១០យប់ថ្ងៃទី១៧ ធ្នូនេះដើម្បីដណ្តើមយកលេខ៣ និងលេខ៤ ដែលក្រុមទាំង២បានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

ក្រូអាតបានបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៩៨ និងធ្លាប់ទទួលបានជើងឯករង (លេខ២) ម្តងកាលពីឆ្នាំ២០១៨ និងធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ម្តងកាលពី១៩៩៨។ ក្រៅពី World Cup ក្រូអាតធ្លាប់ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យូរ៉ូបាន២ដង (១៩៩៦, ២០០៨) និងមានឈ្មោះបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ Nations League នៅឆ្នាំ២០២៣ខាងមុខ ។

សម្រាប់ការប្រកួតសរុបរបស់ក្រូអាតនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះគឺវគ្គចែកពូលដំបូងស្មើជាមួយម៉ារ៉ុក០ទល់០, ឈ្នះកាណាដា ៤ទល់១ និងស្មើបែលហ្ស៊ិក០ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ក្រូអាតបានយកឈ្នះក្រុមខ្លាំងមកពីតំបន់អាស៊ីជប៉ុនដោយបាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតស្មើគ្នា១ទល់១។ នៅវគ្គ៨ក្រុម ក្រូអាតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប្រេស៊ីលដោយបាល់កាត់សេចក្តីប៉េណាល់ទីដែរ បន្ទាប់ពីប្រកួតស្មើគ្នា១ទល់១ ប៉ុន្តែបានចាញ់ក្រោមថ្វីជើងអាហ្សង់ទីនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ទល់០។

ចំណែកម៉ារ៉ុកវិញបានបង្ហាញខ្លួននៅ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧០ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់លពីឆ្នាំ១៩៨៦។ ក្រៅពី World Cup ម៉ារ៉ុកធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nations បានម្តងកាលពី១៩៧៦, ឈ្នះពានរង្វាន់ Arab Cup ម្តង (២០១២) និងធ្លាប់ឈ្នះពានរង្វាន់ African Nations Championship ២កាលពី២០១៨ និង២០២០។សម្រាប់ការប្រកួតសរុបរបស់ម៉ារ៉ុកនៅព្រឹត្តិការណ៍ World Cup ឆ្នាំនេះគឺក្នុងវគ្គចែកពូល ម៉ារ៉ុកធ្វើបានល្អដោយដំបូងស្មើជាមួយក្រូអាត ០ទល់០, ឈ្នះបែលហ្ស៊ិក២ទល់០ និងឈ្នះកាណាដា២ទល់១។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ ម៉ារ៉ុកបានយកឈ្នះក្រុមខ្លាំងមកពីអឺរ៉ុបគឺអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី បន្ទាប់ពីប្រកួតស្មើគ្នា០ទល់០។ ចូលដល់វគ្គ៨ក្រុម ម៉ារ៉ុកបានបន្តយកឈ្នះក្រុម ព័រទុយហ្គាល់១ទល់០ ប៉ុន្តែបានភ្លាត់ស្នៀតចាញ់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល២ទល់០។

សម្រាប់ការជួបគ្នា២ប្រកួតរវាងក្រូអាត និងម៉ារ៉ុក គឺជួបគ្នាលើកទី១ ក្រូអាតយកឈ្នះម៉ារ៉ុកដោយបាល់កាត់សេចក្តីប៉េណាល់ទី បន្ទាប់ពីប្រកួតស្មើគ្នា២ទល់២ ក្នុងជំនួបមិត្តភាពអន្តរជាតិ និងលើកទី២គឺជាការប៉ះគ្នាក្នុងព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះនៅក្នុងពូលជាមួយគ្នាដោយលទ្ធផល ០ទល់០ ៕

ដោយ៖ ភារៈ(រូបភាព ៖ socceryway.com)


ចែករំលែក៖