ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីនិងចិនចាប់ផ្តើមកិច្ចសន្ទនាការទូតជាយុទ្ធសាស្ត្រឡើងវិញ

ចែករំលែក៖

កិច្ចសន្ទនាការទូត-យុទ្ធសាស្ត្ររវាងអូស្ត្រាលីនឹងចិននឹងបន្តឡើងវិញក្នុងសប្តាហ៍នេះជាលើកដំបូង បន្ទាប់ពីបានផ្អាកអស់រយៈពេលបីឆ្នាំ។ នៅថ្ងៃស្អែក (២០ ធ្នូ) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong នឹងចាកចេញទៅប្រទេសចិននៅថ្ងៃពុធដើម្បីចូលរួមព្រឹត្តិការណ៍នេះ។
សេចក្តីប្រកាសព័ត៌មានរួមរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នឹងរដ្ឋមន្ត្រីការបរទេស Penny Wong ចេញផ្សាយនៅថ្ងៃនេះ (១៩ ធ្នូ) បាននិយាយថា នៅថ្ងៃទី ២១ ខែធ្នូ កិច្ចសន្ទនាការទូត-យុទ្ធសាស្ត្រអូស្ត្រាលី-ចិន នឹងប្រព្រឹត្តទៅនៅប្រទេសចិន។ កិច្ចសន្ទនានេះក៏ជាឱកាសដើម្បី អបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វ៉ុង (Penny Wong) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ហើយដែលនេះជាសញ្ញាមួយនៃវឌ្ឍនភាពនៅក្នុងទំនាក់ទំនងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុង កង់បេរ៉ា។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី វ៉ុង នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងបើកកិច្ចសន្ទនាយុទ្ធសាស្ត្រនិងទំនាក់ទំនងការបរទេសអូស្ត្រាលី-ចិន លើកទី៦ ចំពេលនៃការប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ សប្ដាហ៍នេះ។
លោក Anthony Albanese បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «អូស្ត្រាលីនឹងស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយចិន។ យើងនឹងធ្វើ កិច្ចសហប្រតិបត្តិការនឹងគ្នា បើវាអាចធ្វើទៅបាន ហើយនឹងមិនចុះសម្រុងគ្នា បើយើងត្រូវតែធ្វើវាដើម្បីផលប្រយោជន៍ជាតិ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេននី វ៉ុង នឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងលើកដំបូងបំផុត ដោយរដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ ចាប់តាំងពីឆ្នាំ២០១៩៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP


ចែករំលែក៖