ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងចិនត្រៀមធ្វើសមយុទ្ធទាហានជើងទឹករួមគ្នា

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំរវាងប្រទេសទាំងពីរនៅឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៧ ខែធ្នូឆ្នាំ២០២២។
យោងតាមសារព័ត៌មាន Reuters ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្ស៊ីនិងចិននឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រចិនខាងកើត។ នេះជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក ដោយមានការចូលរួមពីអង្គភាពកាំជ្រួច និងកាំភ្លើងធំ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងនៅថ្ងៃទី១៩ខែធ្នូនេះថា រុស្ស៉ីនិងចិននឹងធ្វើសមយុទ្ធទាហានជើងទឹករួមគ្នានៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងទ័ពជើងទឹករបស់ប្រទេសទាំងពីរ។
ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា សមយុទ្ធយោធាខាងលើ ដែលតែងតែបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពី២០១២មក នឹងរួមមានការបាញ់មីស៉ីលនិងគ្រាប់ផ្លោងនៅឯសមុទ្រចិនខាងកើត ហើយគោលបំណងចម្បងគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាជើងទឹកឱ្យកាន់តែរឹងមាំថែមទៀតរវាងរុស្ស៉ីនឹងចិន ក៏ដូចជារក្សាសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិក។
តាមទីក្រុងមូស្គូ នាវាចំនួន៤គ្រឿងរបស់ខ្លួននឹងចូលរួមក្នុងសមយុទ្ធនោះ រួមមានទាំងនាវាចម្បាំងបំពាក់មីស៉ីល Varyag ខណៈដែលខាងចិននឹងបញ្ជូននាវាយោធាចំនួន៦គ្រឿងឱ្យចូលរួម។ មិនតែប៉ុណ្ណោះ ក៏នឹងមានវត្តមានយន្តហោះនិងឧទ្ធម្ភាគចក្រយោធា របស់ប្រទេសទាំងពីរថែមទៀតផង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖