ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះរោងស្នាក់នៅរបស់យាយជីក្នុងវត្តចាក់អង្រែក្រោមអស់ចំនួន០២តូប បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្នុងក្រុមទី១៨ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះតូបយាយជីចំនួន ០២តូប សង់អំពីឈើនិងប្រក់ស័ង្កសីទំហំ៦ម៉ែត្រគុណ១២ម៉ែត្រអស់ទាំងស្រុងប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ចំពោះសម្ភារខូចខាតមាន គ្រែ មុង ភួយ ចានឆ្នាំងបន្តិចបន្តួច ពុំមានសម្ភារអ្វីសំខាន់នោះទេ ។
អគ្គិភ័យនេះបានរលត់ទាំងស្រុងនៅវេលាម៉ោង០៦:៣០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង ។ ចំពោះមូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើង ៕
ដោយ ៖ ភារ៉ា ដង្កោ