ខេត្តកំពត៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ស្រុកក្រុងចំនួនបីក្នុងខេត្តកំពត បានទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់បណ្តាល ឲ្យសាលារៀន កុដិព្រះសង្ឃ និងលំនៅឋាន ប្រជាពលរដ្ឋ១.២៣៣ខ្នងរងការខូចខាត។
យោងតាមរបាយការណ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ថា ដោយសារឥទ្ធិពលនៃខ្យល់កន្ត្រាក់ដែលបានកើតឡើងពេញមួយថ្ងៃទី១៨ ខែធ្នូកន្លងទៅនេះ បានបង្កឱ្យលំនៅឋានប្រជាពលរដ្ឋ សាលារៀន កុដិព្រះសង្ឃ ក្នុងស្រុក-ក្រុងចំនួន៣ រងការខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្នុងនោះ ក្រុងបូកគោ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១.១៦៧ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ៤ខ្នង ខូចខាតមធ្យម ២៩៧ខ្នង និងប៉ះពាល់បន្តិចបន្តួចចំនួន ៨៤០ខ្នង។ ជាមួយនេះក៏មានការខូចខាតសាលាចំនួន ៩ខ្នង កុដិព្រះសង្ឃមួយខ្នង និងលិចទូកនេសាទចំនួនបួនគ្រឿងផងដែរ។
ចំណែកនៅស្រុកបន្ទាយមាសមានការប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៥៨ខ្នង ពោលគឺខូចខាតកម្រិតធ្ងន់ចំនួនបីខ្នង។ ស្រុកកំពង់ត្រាចរងការខូចខាតផ្ទះប្រជាពលរដ្ឋកម្រិតធ្ងន់ មធ្យម និងស្រាលចំនួនប្រាំបីខ្នង។
ជាមួយគ្នានេះដែរ មកទល់នឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ឥទ្ធិពលនៃខ្យល់កន្ត្រាក់នៅតែបន្តមានក្នុងខេត្តកំពត។ អាជ្ញាធរក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជានេសាទឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្តិភាព អាយុជីវិត ពិសេសបងប្អូនប្រជានេសាទសមុទ្រ៕
ដោយ៖ សូរិយា