ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន ចាន់ដា ៖ យើងរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព

ចែករំលែក៖

   ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធី«ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៦ ឆ្នាំ២០២២ នៅវិទ្យាល័យសម្តេចតេជោហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងភូមិ បឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

   កម្មវិធីនេះមានការចូលរួមក្នុងពីសំណាក់លោកប្រធានសាលាដំបូងខេត្ត  លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អស់លោកលោកស្រីជាអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញ និងជាសមាជិក គណៈកម្មាធិការខេត្តប្រយុទ្ធនឹងការជួញដូរមនុស្ស លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស។

   ក្នុងឱកាសនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំនឹងមានវិធានការយ៉ាងតឹងរុឹងបំផុតចំពោះជនជាមេខ្យល់ទាំងឡាយ ហើយខ្ញុំក៏សូមធ្វើការអំពាវនាវដល់បងប្អូន ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន សូមចូលរួមឱ្យបានកាន់តែសកម្មថែមទៀតដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សតាមគ្រប់ទម្រង់ និងគ្រប់រូបភាព ហើយខ្ញុំនឹងមិនលើកលែងជាច់ខាតចំពោះជនទាំងឡាយណា ដែលលូកដៃធ្វើអន្តរាគមន៍ឱ្យមានការដោះលែងចំពោះជនល្មើសក្នុងអំពើជួញដូរមនុស្សនេះ» និង«រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។

    លោក អ៊ុន ចាន់ដា មានប្រសាសន៍ បញ្ជាក់ទៀតថា ឆ្នាំ២០២២នេះ យើងមានឱកាសជាថ្មីក្នុងការរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលស្របទៅទស្សនវិស័យ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សានូវសន្តិសុខ សុវត្ថិភាពសង្គម ដើម្បីជាមូលដ្ឋានបង្អែកនៃការអភិវឌ្ឍជាតិគ្រប់វិស័យក្នុងរយៈពេលវែង ។ ជាមួយគ្នានោះ លោកក៏បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងកម្មវិធីដ៏មានសារៈសំខាន់នាថ្ងៃនេះផងដែរ ។ 

    លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែប្រារព្ធទិវាជាតិនេះជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងការផ្សព្វផ្សាយខិត្តប័ណ្ណតាមសាលារៀននិងទីសាធារណៈនានានៅទូទាំងខេត្តដែលមានអ្នកចូលរួមនិងទទួលបាននូវខិត្តប័ណ្ណ រហូតដល់រាប់សែននាក់ ដើម្បីបំផុសការយល់ដឹងយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្សដែលបង្កគ្រោះមហន្តរាយ ដល់មនុស្សក្មេង ចាស់ ប្រុស ស្រី និងដល់សង្គមជាតិឥតឈប់ឈរទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទាំងនៅតាមមូលដ្ឋាននានា ។ ក្រៅពីនោះ ការរៀបចំកម្មវិធីនេះ ក៏ជាឱកាសមួយក្នុងការដាស់តឿនដល់ប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់មជ្ឈដ្ឋានឱ្យប្រុងប្រយ័ត្នចំពោះល្បិចកលថ្មីៗរបស់ជនល្មើសជូញដូរមនុស្សផងដែរ ។ 

នាឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ចាម ក៏បានផ្ដាំផ្ញើបន្ថែមដល់អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាបន្តទៀតដើម្បីភូមិ ឃុំ មានសុវត្ថិភាព នោះគឺការចូលរួមអនុវត្តនូវគោលនយោបាយទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល ដោយលោកលើកយកចំណុចសំខាន់ៗចំនួន ៤ គឺ ៖

១.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ 

២.មានសណ្ដាប់ធ្នាប់សាធារណៈល្អ ពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ 

៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង 

និង៤.មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖