ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់ត្រូវកម្លាំងអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីគាស់ផ្ទះរបស់ប្រជាពលរដ្ឋ​ ប្រព្រឹត្តកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ហើយត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង៤៣នាទីព្រឹក ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០២២ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​៖យោងតាមពាក្យបណ្តឹងរបស់​ជនរងគ្រោះឈ្មោះ​ ឯក រ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ឌី ម៉ូវ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ៖​ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជននេះបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលមួយកន្លែងនៅម្ដុំនាគទិព្វ ពេលគាស់បន្ទប់បានហើយ ជនសង្ស័យ​បានចូលទៅក្នុងបន្ទប់ ជួលតែគ្មានសម្ភារៈលួច ក៏បានដើរចេញមកវិញ ក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ហើយប្តឹងអាវុធហត្ថឱ្យឃាត់ខ្លួនភ្លាមៗតែម្តង។ក្រោយពីឃាត់ខ្លួន​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​ បានសួរនាំជនសង្ស័យ​សារ​ភាពថា​ រូបខ្លួនពិតជា​បានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាដកមែន ៕

ដោយ ៖ វណ្ណា


ចែករំលែក៖