ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បង្ហាញមុខសញ្ញាក្រុមចោរលួចកាត់យកខ្សែភ្លេីងក្នុងមូលដ្ឋានខេត្តបាត់ដំបងចំ​នួន០៦នាក់​ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ កម្លាំងជំនាញ​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានបង្ហាញមុខសញ្ញាក្រុមចោរលួចកាត់យកខ្សែភ្លេីងក្នុងមូលដ្ឋានខេត្តបាត់ដំបង​ ចំ​នួន០៦នាក់​ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ កាលពីថ្ងៃទី​២២​ ខែធ្នូ​ម្សិលមិញនេះ​ បានបញ្ជាក់ថា​ ដោយ​អនុវត្ត​តាម​ការណែនាំរបស់លោក​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​លឹម​ ពុទ្ធីឡា​ស្នងការរង​ផែ​ន​​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនី​យ៍​ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ ដោយបាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​លោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សា​លា​ដំបូង​ខេត្តបាត់ដំបង​ផងនោះលោក​ វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៅថ្ងៃទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ ចាប់ពី​វេលាម៉ោង​០២និង៤០​នាទី​រំលងអាធ្រាត្រ​ រហូត​ដល់​វេលាម៉ោង​០៧​និង​០០​នាទី​ព្រឹក​ឈានចូលថ្ងៃទី២១ខែ​ធ្នូ​ ឆ្នាំ២០២២​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ លួច​(​កាត់​យក​ខ្សែភ្លេីង​ )​ ក្នុងមូលដ្ឋានចំនួន០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជន​សង្ស័​យ​ចំនួន​ ០៦​នាក់​មក​កាន់​ស្នង​ការដ្ឋាន​ដេីម្បីធ្វេីការសាកសួរ​ស្រាវជ្រាវ ។ 

​ជន​សង្ស័​យ​ចំនួន​ ០៦​នាក់រួមមាន​៖​ ១-ឈ្មោះ​ រឿម​ សុខ​ ហៅ​ ចៃ​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ស្ថានីយ៍រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

២-ឈ្មោះ​ ផេន​ លីហេង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ស្ថានីយរថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

៣-ឈ្មោះ​ នី​ មករា​ ភេទប្រុស​ អាយុ​ ២២​ ឆ្នាំ​ បច្បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថ ភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

៤-ឈ្មោះ​យ៉ា​ កក្កដា​ហៅ​ វែង​ ភេទ ប្រុស​ អាយុ​ ២៩​ ឆ្នាំ​ បច្ចបច្ចុប្បន្នស្នាក់ នៅក្នុងស្ថានីយ៍រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

៥-ឈ្មោះ​ សាយ​ សុភាព​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ បច្ចបច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង​ ស្ថិតនៅ​ក្នុង​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

៦-ឈ្មោះ​ សុខ​ ចិត្ត​ ហៅ​ អេតចាយ​ ភេទប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ។ 

ជនសង្ស័យ​ខាងលើ​ទាំង​ ០៦​ នាក់​នេះ​ជា​មុខ​សញ្ញា​ លួច​ ​កាត់​យក​ខ្សែ​ភ្លេីង​ចល័ត​នៅ​តាម​ទីតាំង​ស្ងាត់ៗ​ក្នុង​ក្រុង​បាត់ដំបង​ នៅ​ពេល​យប់​។ 

-*វត្ថុតាងដកហូតរួមមាន​៖​

-​ កង់​ ចំនួន​ ០២​ គ្រឿង​

-​ កំណាត់​ដែក​ មួយ​ចំនួន​ 

-​ កន្ត្រៃ​ ចំនួន​ ០១​ 

-​ ដង្កាប់​ ចំនួន​ ០១

-​ ខ្សែភ្លេីង​ មួយ​ចំនួន​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​បានកសាង​សំណុំ​រឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖