ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនប្រឡងបាក់ឌុបវ័យ ៥៦ឆ្នាំម្នាក់ ប្តេជ្ញា ថានឹងបន្តខិតខំប្រឡងនៅឆ្នាំក្រោយទៀត ខណៈបេក្ខជន ក្មេងជាងគេអាយុ ១៣ឆ្នាំជាប់ និទ្ទេស C

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បេក្ខជនវ័យ៥៦ឆ្នាំម្នាក់ដែលមានឈ្មោះថា ហែម ស៊ីណាត ដែលប្រឡងបាក់ឌុបឆ្នាំ២០២២ នៅមណ្ឌលប្រឡងសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រឡងធ្លាក់ហើយ។ ប៉ុន្តែបេក្ខជនវ័យជិត៦០រូបនេះនៅតែមិនបោះបង់ចោលនូវការប្រឡង ពោលនឹងបន្តការប្រឡងនៅឆ្នាំក្រោយទៀត។ ដោយឡែកបេក្ខជនដ៏ក្មេងជាងគេ គីមហុង​ ១៣ឆ្នាំ ជាប់បាក់ឌុបហេីយ! សូមចូលរួមអបអរសាទរក្មួយ​ គឺមហុង​ ដែលទេីបបានទទួលលទ្ធផលប្រឡងបាក់ឌុប​ “ បានជាប់និទ្ទេស​ C” នៅអាយុ​ ១៣ឆ្នាំ។   

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់អំពីសម្តេចទាំងទ្វេនិងក្រុមគ្រួសារគឺកំពុងផ្តល់ឱកាសអោយគឹមហុងកាន់តែរីកលូតលាស់ក្លាយជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។ 

សូមជូនពរក្មួយទទួលបានជោគជ័យក្នុងការសិក្សា​ជាបន្ត​ និនិងសូមអរគុ លោក លី​ ឆេង​ និងក្រុមបុគ្គលិក​ព្រមទាំងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនគឹមហុងរហូតទទួលបានជោគជ័យនៅថ្ងៃនេះ។ 

សូមបញ្ជាក់ថា,ក្រោយពីដឹងថា មិនមានឈ្មោះនៅក្នុងសេចក្តីប្រកាសលទ្ធផលបង្ហោះក្នុងផេកក្រសួងអប់រំ និងឈ្មោះរបស់ខ្លួនត្រូវបានក្រសួងអប់រំឆូតបន្ទាត់ក្រហម បេក្ខជនវ័យ ៥៦ឆ្នាំរូបនេះមានអារម្មណ៍សោកស្តាយ តែយ៉ាងណាបេក្ខជនវ័យចំណាស់ជាងគេរូបនេះនឹងបេ្តជ្ញាខិតខំរៀនសូត្រដើម្បីបន្តប្រឡងបាក់ឌុប ទទួលបានជោគជ័យនៅឆ្នាំបន្ទាប់ទៀត។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន  តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បេក្ខជន ហែម ស៊ីណាត បាននិយាយថា៖ «ខ្ញុំប្រឡងធា្លក់នេះ ខ្ញុំអត់មានអារម្មណ៍ថាខ្មាស់គេអីទេ ទោះបីមានគេថានិងសើចខ្ញុំ ថាខ្ញុំចាស់ហើយនៅខំប្រឡងធ្វើអី ឃើញតែក្មេងៗគេប្រឡងជាប់អត់មានការងារធ្វើ ហើយទៅប្រឡងទៀតធ្វើអីចាស់ហើយ។ ខ្ញុំតាំងចិត្តថា នឹងខិតប្រឡងជាប់ឱ្យអ្នកនោះមើល»។

បើតាមបេក្ខជន ហែម ស៊ីណាត បច្ចុប្បន្នជាគ្រូអក្ខរកម្មជាប់កិច្ចសន្យា បង្រៀនក្មេងៗនៅសាលាបឋមសិក្សាថ្មរមៀល ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកគ្រូ ហែម ស៊ីណាត បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ នៅក្នុងឆ្នាំ១៩៨៥។ អ្នកគ្រូមានបំណងប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាគ្រូចំណេះទូទៅ ទើបអ្នកគ្រូប្រឹងប្រែងប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ។

អ្នកគ្រូ ហែម ស៊ីណាត បានបញ្ជាក់ថា អ្នកគ្រូពិបាកក្នុងការចងចាំ ដោយសារអ្នកគ្រូមានវ័យកាន់តែចាស់ ហើយអ្នកគ្រូខ្សោយខាងគណិតវិទ្យា និងភាសាអង់គ្លេស។

បេក្ខជនវ័យ៥៦ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ពីមហាជន ក្រោយពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Lav Tola Serey Sohorn ដែលជាអ្នកសង្កេតការណ៍ម្នាក់បានថត និងបង្ហោះខ្លឹមសាររៀបរាប់ពីគោលបំណងមកប្រឡងបាក់ឌុបរបស់បេក្ខជន ហែម ស៊ីណាត ដែលធ្វើឱ្យមហាជនស្ងប់ស្ងែងនឹងការតស៊ូដើម្បីឱ្យសម្រេចបានគោលបំណងដែលចង់ធ្វើជាគ្រូបង្រៀនចំណេះទូទៅ។ 

គណនីហ្វេសប៊ុកឈ្មោះ Lav Tola Serey Sohorn បាបសរសេរថា, បេក្ខជនអាយុ ៥៦ ឆ្នាំ ប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានវ័យចំណាស់ជាងគេទូទាំងប្រទេស អ្នកម្ដាយ ហែម សុីណាត គាត់បានប្រលងធ្លាក់ហើយម៉ែធ្វើមិនបានល្អ តែកូនលើកទឹកចិត្តម៉ែអោយប្រឹងបន្តទៀតណាម៉ែ ម៉ែធ្វើបានល្អបំផុតហើយណាម៉ែ 🙏🏻លេខតុ494 នៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ ។ សូមបញ្ជាក់ផងដែលថាខ្ញុំបានcallទៅអ្នកម្ដាយ ហើយប្រាប់ម្ដាយថាម៉ែបានប្រលងធ្លាក់ហើយ ម៉ែបាននិយាយថាមិនអីទេកូន ឆ្នាំក្រោយម៉ែដាក់ពាក្យប្រលងទៀត ដើម្បីបំពេញក្ដីស្រម៉ៃរបស់ម៉ែធ្វើជាគ្រូបង្រៀន ។

ខ្ញុំសូមកោតសរសើរចំពោះអ្នកម្ដាយដែលអ្នកម្ដាយប្រលងធ្លាក់ហើយនៅតែញញឹមសើចឮសំលេងតាមទូរស័ព្ទបាន ម្ដាយបានប្រលងធ្លាក់ហើយនៅតែតាំងចិត្ដមិនរាថយ នៅក្នុងការតស៊ូ ។ អ្វីដែលខ្ញុំបារម្មណ៍បំផុតនោះគឺសុខភាពរបស់គាត់មិនអាចដឹងថាគាត់នៅមានកំលាំងដើរបានល្អប្រសើរឫអត់ទេគាត់ឈឺដៃឈឺជើង ពីមួយឆ្នាំទៅមួយឆ្នាំសុខភាពរបស់គាត់កាន់តែយ៉ាប់យឺនទៅមុខ តែយ៉ាងណាកូនក៏សូមជូនពរម៉ែអោយសម្រេចបំណងម៉ែនៅឆ្នាំក្រោយ ដើម្បីបានធ្វើជាគ្រូបង្រៀនចំណេះទូទៅ ៕

ដោយ : សិលា


ចែករំលែក៖