នៅព្រឹកថ្ងៃទី២៨ខែធ្នូ អាកាសធាតុបានចុះអ័ព្ទយ៉ាងក្រាស់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយគ្នារហូតដល់ជាង ២០០គ្រឿង ស្ថិតនៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់បណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងពេលដែលយានជំនិះសរុបច្រើនជាង២០០គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើស្ពានហាយវ៉េមួយខ្សែ ស្ថិតក្នុងទីក្រុងZhengzhou។
ស្ពានកើតហេតុខាងលើគឺស្ពាន
ចេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយសម្រាប់ឆ្លងកាត់ទន្លេលឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្សជាច្រើននាក់រងរបួស ប៉ុន្តែបានជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈដែលអាជ្ញាធរពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១១គ្រឿង រួមជាមួយភ្នាក់ងារ៦៦នាក់ភ្លាមៗដើម្បីទៅជួយសង្រ្គោះនៅកន្លែងជួបគ្រោះថ្នាក់។
ចរាចរណ៍ទាំងទៅទាំងមកនៅលើស្ពានត្រូវបានបិទជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនកំពុងព្យាយាមដោះស្រាយនៅទីតាំងរថយន្តបុកគ្នានោះ ដើម្បីសម្រួលឱ្យចរាចរណ៍អាចបន្តជាធម្មតាឡើងវិញក្នុងពេលឆាប់ៗនេះ។ សេវាឧតុនិយមក្នុងប្រទេសចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធនេះ នៅតំបន់ជាច្រើនគឺមិនអាចមើលទៅមុខឃើញដល់៥០០ម៉ែត្រឡើយ ហើយពេលខ្លះទៀតគឺបានថយចុះមកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំងខុសប្រក្រតី៕
ដោយ៖ ធីរីណា(រូបថត ៖ tuoitre.vn)