ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងគ្មានសល់ដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីរថយន្តផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ផ្ទះសង់អំពីឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង៥០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

   បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពុត សាមឿន  ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករ ប្រពន្ធឈ្មោះហាយ ម៉ាឡៃ អាយុ៥២ឆ្នាំ មានសមាជិករស់នៅក្នុងផ្ទះនេះចំនួន០៣គ្រួសារ មានសមាជិកសរុប១០នាក់ នៅក្នុងភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

   ចំណែកផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នេះមានទំហំ៥,៥ម៉ែត្រx៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងក្ដារត្រូវភ្លើងឆេះអស់ទាំងស្រុង។

   សម្ភារដែលត្រូវភ្លើងឆេះខូចខាតមានជង្រុកស្រូវទំហំ៣ម៉ែត្រx៥ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹករងការខូចខាតអស់ទាំងស្រុង ។

    ចំពោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ រថយន្តសាំយ៉ុង០១គ្រឿង, ម៉ូតូហុងដាwave សេ១១០ចំនួន០១គ្រឿង, មាសចំនួន២,៥តម្លឹង, ប្រាក់ដុល្លារចំនួន២៥០០ដុល្លារអាមេរិក, ប្រាក់រៀលចំនួន២,០០០,០០០រៀល, ស្រូវចំនួន៣តោន, សម្លៀកបំពាក់ឆេះទាំងអស់ ដោយសរុបថវិកាចំនួន២លានរៀលនិង២៥០០ដុល្លារអាមេរិក ។

   សមត្ថកិច្ចបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះនេះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ខណៈដែលមានភ្លើងឆេះចេញពីរថយន្តបង្កការភ្ញាក់ផ្អើលដល់ម្ចាស់នាំគ្នាដងទឹកជះនិងចុះពីលើផ្ទះទាំងអស់គ្នាហើយក៏រាយការណ៍មកសមត្ថកិច្ចតែម្ដង ៕

IMG_4370

ដោយ៖ សុថាន


ចែករំលែក៖