ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងការរំលោភបំពាន និងការជួញដូរផ្លូវភេទលើស្ត្រី និងក្មេងស្រី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមរួមគ្នាប្រយុទ្ធប្រឆាំងការលោភបំពាន និងការជួញដូរផ្លូវភេទសម្រាប់ស្ត្រី និងកុមារី ជាពិសេសអំពាវនាវដល់បុរសៗខិលខូច ត្រូវបញ្ឈប់នូវសកម្មភាពអសីលធម៌។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាបែបនេះ​ បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ នាឱកាសសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសាកសួរសុខទុក្ខកុមាររងគ្រោះដោយការរំលោភបំពាន និងជួញដូរផ្លូវភេទ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេ នៅអង្គការអាហ្វេស៊ីបកម្ពុជា ដែលមានទីតាំងនៅស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេច​នាយករដ្ឋមន្ត្រី​ រំពឹងថា អង្គការអាហ្វេស៊ីប នឹងមិនទទួលបានកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន ឬជួញដូរផ្លូវភេទកាន់តែច្រើននោះទេ ដោយសម្តេចបញ្ជាក់ថា ការសាងសង់អាគារថ្មីនេះ មិនមែនសំដៅបន្ថែមចំនួនមនុស្សឡើយ ប៉ុន្តែដើម្បីឲ្យកុមារីដែលកំពុងស្នាក់ មានភាពងាយស្រួលជាងមុនប៉ុណ្ណោះ។

សម្តេចតេជោ បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ “មិនមែនធ្វើកន្លែងនេះ [សង់អាគារក្នុងអង្គការអាហ្វេស៉ីប] ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ ដែលសង្ឃឹមថារឿងនេះ នឹងបានឮទៅដល់គ្រប់មនុស្ស ជាពិសេសបុរសៗ ដែលខិលខូចទាំងឡាយ មិនត្រូវធ្វើសកម្មភាពអ្វី ដែលផ្ទុយជាមួយនឹងសីលធម៌របស់មនុស្ស​។ សង្ឃឹមថាទីកន្លែងនេះ បន្ទាប់ពីចៅៗធំទៅ មានប្តី មានគ្រួសារ ចាកចេញទៅ នឹងមិនមានមនុស្សបន្ថែមថ្មី រហូតទៅដល់កន្លែងនេះអាចទៅជាចំណុច ប្រមូលផ្តុំកុមារីដែលរងគ្រោះទេ ប្រសិនបើទីកន្លែងនេះ ដែលមានចំនួនកើនឡើងនូវចំនួនកុមារីដែលរងគ្រោះដោយការរំលោភបំពាន មានន័យថា នៅទូទាំងប្រទេសរបស់យើង វាក៏នៅសល់បញ្ហាទាំងឡាយ ដែលបានកើតការបំពានទៅលើស្ត្រី និងកុមារីផងដែរ។ យើងធ្វើកន្លែងនេះ មិនមែនសំដៅបង្កើនចំនួនមនុស្សទេ ក៏ប៉ុន្តែសំដៅដោះស្រាយបញ្ហា ចៅៗដែលនៅតូចៗ មានកន្លែងជ្រកកោនឲ្យបានស្រួល”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា៖ “ថ្ងៃនេះ លោកជំទាវ ជូ ប៊ុនអេង ដែលទទួលខុសត្រូវទៅលើបញ្ហា ការប្រឆាំងការជួញដូរមនុស្ស ក៏មានវត្តមាននៅទីនេះ យើងត្រូវចាប់ផ្តើមរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំពើទាំងឡាយដែលបំពាន ហើយជាពិសេសភាពតិរច្ឆានដែលបានកើនឡើង ដោយសារមនុស្សប្រុសមួយចំនួនដែលបានបង្កើត”។

សូមជម្រាបថា អង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ លើស្ត្រី និងកុមារី។

អង្គការអាហ្វេស៊ីបកម្ពុជា មានបុគ្គលិកបម្រើការងារសរុបចំនួន៣២នាក់ (ស្រី១៨នាក់) និងមានយុវនារី និងកុមារីសរុបចំនួន ១៤៨នាក់ ដែលកំពុងទទួលការឧបត្ថម្ភពីអង្គការអាហ្វេស៊ីបកម្ពុជា រួមមានការថែទាំសុខភាព និងអាហារូបករណ៍សិក្សា និងបណ្តុះបណ្តាលជំនាញ។ ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការបានជួយដល់កុមារី និងយុវតីរងការរំលោភបំពាន និងជួញដូរផ្លូវភេទសរុបប្រមាណជា ១ម៉ឺននាក់ហើយ៕

ដោយ​៖សហការី​


ចែករំលែក៖