ក្លិបហង្សក្រហម Liverpool បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធហូឡង់ Cody Gakpo ពីក្លិប PSV Eindhoven។ នេះបើយោងតាមក្លិប Eredivisie បានប្រកាសកាលពីពាក់កណ្តាលសប្តាហ៍នេះ។
កីឡាករ Gakpo វ័យ២៣ឆ្នាំបានស៊ុតបញ្ចូលទី៣គ្រាប់ឱ្យហូឡង់ក្នុងការប្រកួត World Cup នៅប្រទេសកាតា ជាកន្លែងដែលក្រុមនេះត្រូវបានយកឈ្នះដោយក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
ក្លិបមិនបានបង្ហាញតម្លៃផ្ទេរទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថាមានប្រហែល៤០ ទៅ៥០លានអឺរ៉ូ (៤៣ទៅ៥៣លានដុល្លារ)។
អ្នកចាត់ការទូទៅរបស់ក្លិប PSV លោក Marcel Brands បាននិយាយថា តម្លៃផ្ទេរនឹងក្លាយជាកំណត់ត្រាមួយសម្រាប់ក្លិប។
បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងឈរលេខរៀងទី៦ នៅ Premier League ក្រោយពីបានយកឈ្នះក្រុម Aston Villa ៣ទល់១ កាលពីដើមសប្តាហ៍នេះ។ ចំណែកក្រុម PSV កំពុងឈរលេខ៣ នៅលីកកំពូលហុល្លង់ Eredivisie ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)