ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរ ៣៣៧​ ៧៦៩នាក់​ ចូលរួមរីករាយបុណ្យឆ្លងឆ្នាំសកលនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ បានធ្វើឱ្យស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពធូស្រាល ព្រមទាំងការប្រកាសបើកប្រទេស ក្នុងគោលដៅស្តារសេដ្ឋកិច្ចជាតិឡើងវិញ ។ ដោយឡែកនៅខេត្តសៀមរាបក្នុងឱកាសឆ្លងឆ្នាំសកល២០២២.២០២៣ ដេីម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិនោះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាព បានរៀបចំតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកល២០២២.២០២៣។  ក្នុងសកម្មភាពរៀបចំតុបតែងលម្អផ្លូវ ដើមី្បលេីកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែមានភាពស្រស់ត្រកាលឡេីងវិញ  ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និង បំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដេីម្បីចូលរួមអបអរឆ្នាំថ្មី  ឆ្នាំសកល ឆ្នាំ២០២៣។ 

  លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តសៀមរាប ការងាររៀបចំកែលម្អនេះ គឺជាការរំលេចនូវសោភ័ណភាព បៃតងនៅតាមដងស្ទឹងតាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដេីម្បីរៀចំភ្លើងពណ៌នាពេលរាត្រីឲ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៣នេះ ព្រមទាំងមានការជឹះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រ និងទស្សនាការសម្តែង របាំ និង រាំវង់ស្គរដៃផងដែរ។ ម្យ៉ាងទៀតក៏ជាការរួមចំណែកក្នុងការជម្រុញការផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប សំខាន់លើវិស័យទេសចរណ៍។ ទោះបីមានភាពធូស្រាលនៃជម្ងឺកូវិដ១៩នេះ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២២.២០២៣ ដោយមានភ្ញៀវជាតិ អន្តរជាតិ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងបុណ្យឆ្លងឆ្នាំសកល ក៏បានអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារផងដែរ។

ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២២មកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរ មកពីបណ្តាខេត្ត រាជធានី បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា រួមទាំងរាត្រីឆ្លងឆ្នាំនៅខេត្តសៀមរាប ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ឈានចូល ឆ្នាំ២០២៣ មានចំនួនប្រមាណជា ៣៣៧​ ៧៦៩នាក់ ក្នុងនោះភាគច្រើន គឺភ្ញៀវទេសចរក្នុងប្រទេស។ តាមការប៉ាន់ប្រមាណនោះបានឲ្យដឹងថា ភ្ញៀវអ្នកដំណើរកម្សាន្តទាំងនោះ  មានមកពីបណ្តារាជធានី ខេត្តនានា មានប្រមាណ ៣៣០​ ០០០នាក់ និងមានភ្ញៀវទេសចរបរទេស ប្រហែលជាង ៧​ ៧៦៩នាក់ ផងដែរ។ ជាលក្ខណៈពិសេសគួរកត់សម្គាល់នោះ គឺការធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ បានឆ្លុះបង្ហាញអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និង កំពុងស្ថិតក្នុងប្រក្រតីភាពថ្មី ទម្លាប់រស់ជាមួយកូវីដ-១៩ ហើយកត្តាប្រុងប្រយ័ត្ន គឺជាគន្លឹះស្នូលនៃសេចក្តីសុខចម្រើន។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ ។ 

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសដំណើរការឆ្លងឆ្នាំសកលនេះ ចំពោះការងារចរាចរណ៍ បានបង្ករលក្ខណៈល្អ ក្នុងការសម្រួលចរាចរណ៍ទៅមកបានល្អជាងបណ្តាឆ្នាំមុនៗ ដោយខេត្តសៀមរាប ទទួលបានចំណងដៃថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវផ្លូវ៣៨ខ្សែ ត្រូវបានស្ថាបនារួចរាល់ ស្របពេលដែលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២២-២០២៣នេះ។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ ដល់សហភាពសហពន្ធ័យុវជនកម្ពុជា កងកំលាំង និងមន្ទីរ អង្គភាពពាក់ពន្ធ័ ដែលរៀបចំសណ្តាប់ធ្នាប់សន្តិសុខ បានយ៉ាងល្អ និងជូនពរបងប្អូនភ្ញៀវទេសចរណ៍ និងសូមគោរពជូនដល់ដល់បងប្អូន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទាំងអស់អញ្ជើញធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព ៕

ប្រភព : រដ្ឋបាលខេត្តសៀមរាប


ចែករំលែក៖